(ព្រៃវែង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នៅស្ថានីយ៍ទឹកស្អាត ឃុំក្របៅ ឃុំជាច រួមទាំងផ្លូវចាក់បេតុង ឃុំក្របៅ និងសមិទ្ធផលនានា ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង សរុបចំណាយថវិកាសាងសង់ជាង២លានដុល្លារ ដែលជាអំណោយរបស់សម្ដេច។

ថ្លែងក្នុងនោះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរ និងជួយផ្តល់ឲ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ រស់នៅមានអនាម័យល្អ ស្របតាម គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ។

សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកកំចាយមារ និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានជាច្រើន និងលះបង់ កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទឹកស្អាត និងវិស័យផ្សេងៗជាច្រើនទៀត សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងមានអនាម័យល្អ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា និងរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានស្រុកកំចាយមារ ខេត្តព្រៃវែង កាន់តែប្រសើឡើងនេះ។

សម្តេចក្រឡាហោម ក៏បានណែនាំដល់អាជ្ញាធរ ត្រូវជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា នៅមូលដ្ឋាន ពិសេសសកម្មភាពជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើង និងបទល្មើសនានានៅមូលដ្ឋានទូទាំងខេត្ត។

លោក ប៊ិន ជីវ័ន្ត អភិបាលស្រុកកំចាយមារ បានឲ្យដឹងថា សមិទ្ធផលដែលសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃនេះ រួមមាន៖

ស្ថានីយ៍ទឹកស្អាត ចំនួន០២កន្លែង៖

*ទី១៖ ស្ថានីយ៍ទឹកស្អាតឃុំក្របៅ សាងសង់អស់ថវិកា ១,៣៤៣,១៣៨.៩៧ ដុល្លារ
*ទី២៖ ស្ថានីយទឹកស្អាតឃុំជាច សាងសង់អស់ថវិកា ៧៦១,៩២៨.៣៧ដុល្លារ។

ផ្លូវបេតុងចំនួន១៣ខ្សែ មានប្រវែងសរុប ១៥,៨៨៨ម៉ែត្រ ក្នុងឃុំក្របៅ ក្រោមការឧបត្ថម្ភថវិការបស់សម្ដេចក្រឡាហោម និងលោកស្រី រួមទាំងអគារ សាលាបឋមសិក្សា អគារមត្តេយ្យសិក្សា ព្រមទាំងសមិទ្ធផលផ្សេងៗជាច្រើនទៀត៕