(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវចុះពិនិត្យ និងណែនាំប្រជាពលរដ្ឋរស់នៅតាមចិញ្ជើមផ្លូវសាធារណៈ អំពីការធ្វើផ្លូវគ្របលើប្រព័ន្ធលូ រំដោះទឹក ដែលធ្វើឲ្យមុខលូររួមតូច ឬបិទជិត ពិបាកដល់ការជួយសង្រ្គោះរំដោះទឹកនាពេលគ្រោះមហន្តរាយទឹកជំនន់មកដល់។ ការជំរុញបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅបន្ត ខែសីហា ឆ្នាំ២០២៣ នៅសាលាខេត្តក្រចេះ។
លោកស្នើឲ្យពិនិត្យណែនាំដល់ម្ចាស់អាជីវកម្ម និងអ្នកបើកបររថយន្តដឹកគ្រួស-ខ្សាច់-ថ្ម អំពីសណ្តាប់ធ្នាប់ និងកម្រិតទម្ងន់ នៃការដឹកដើម្បីបញ្ចៀសគ្រោះថ្នាក់ និងការជ្រុះរាយប៉ាយតាមដងផ្លូវខូចសោភ័ណភាព-អាជ្ញាធរមាន សមត្ថកិច្ចក្រុងស្រុក ត្រូវចុះពិនិត្យ និងរៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណៈទីប្រជុំជន ណែនាំ និងធ្វើកិច្ចសន្យាឲ្យម្ចាស់អាជីវកម្ម អាជីវករ ដែរប្រើប្រាស់ផ្លូវ ក្នុងការលក់ដូរ និងសម្រាប់ផ្លាស់ប្តូរទំនិញជាបណ្តោះអាសន្ន ត្រូវគោរពតាមការនាំរបស់អាជ្ញាធរ និងសម្រួលដល់ការធ្វើចរាចរណ៍របស់សាធារណៈជន។
លោកបន្តថា ចំពោះការដឹកផ្ទុកទម្ងន់ហួសកម្រិត ហួសល្បឿនចរាចរណ៍ និងដឹកគ្មានសណ្តាប់ធ្នាប់ អាជ្ញាធរមានសមត្ថកិច្ច ត្រូវចុះពិនិត្យណែនាំដល់អ្នកបើកបរដឹក និងចាប់ឃាត់ ផាកពិន័យទៅតាមបច្ចេកទេស និងត្រូវធ្វើកិច្ចសន្យា។
លោកអភិបាលខេត្ត ក៏បានកោតសរសើរដល់អាជ្ញាធរខេត្ត ទទួលបន្ទុកការងារគ្រប់គ្រងគ្រមហន្តរាយ ដែលបានចុះពិនិត្យដល់ទីតាំងទួលសុវត្ថិភាព និងបានណែនាំដល់អាជ្ញាធរឲ្យរៀបចំបោសសម្អាត និងកែលម្អទីទួលសុវត្ថិភាព ដែលមានស្រាប់តាមបណ្តាស្រុក ដើម្បីទុកសម្រាប់ជម្លៀសប្រជាពលរដ្ឋ និងសត្វពាហន: ដែលរងគ្រោះ និងងាយរងគ្រោះ ពីទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង និងគ្រោះមហ្តរាយនានា ជាពិសេសបានណែនាំហាមឃាត់បងប្អូន កុំឲ្យចូលកាប់ទន្ទ្រានយកដីសហគមន៍ (ទួលសុវត្ថិភាព) ដែលជាដីទុកបម្រើប្រយោជន៍រួមនៅមូលដ្ឋាន។
លោក វ៉ាន ថន ក៏បានស្នើឲ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ត្រូវចុះពិនិត្យ និងផ្សព្វផ្សាយអំពីការចុះចាក់វ៉ាក់សាំងសត្វពាហនៈ តាមបណ្តាក្រុងស្រុក ដើម្បីឲ្យបងប្អូនបានជ្រាប និងដើម្បីត្រៀមប្រមូលសត្វរបស់ខ្លួនបានរួចរាល់៕