(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវុត្ថ បានស្នើឲ្យឯកអគ្គរាជទូតអូស្ត្រាលីថ្មីប្រចាំនៅកម្ពុជា ជួយជំរុញអ្នកវិនិយោគអូស្ត្រាលី ឲ្យមកបណ្តាក់ទុននៅកម្ពុជាឲ្យកាន់តែច្រើន ហើយធានាថានឹងជួយសម្រួលដល់បរិយាកាសវិនិយោគ ឲ្យបានល្អប្រសើរ។
កាស្នើរបស់លោកទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយ លោកស្រី Angela Corcoran ឯកអគ្គរាជទូតអូស្ត្រាលីថ្មី ប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច ទើបចេញផ្សាយតាម Facebook ផ្លូវការរបស់ខ្លួននៅថ្ងៃនេះ។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា «ភាគីទាំងពីរបានពិភាក្សា អំពីការយកចិត្តទុកដាក់បន្ថែម ទៅលើការធ្វើពាណិជ្ជកម្មនិងលើក កម្ពស់ការវិនិយោគរវាងប្រទេសទាំងពីរ ដែលអាចធានាបាននូវគុណប្រយោជន៍ យ៉ាងច្រើនរវាងប្រទេសនិងប្រជាជននៃប្រទេស ទាំងពីរ។ កម្ពុជាក៏បានស្នើឲ្យភាគីមិត្ត បន្តជំរុញអ្នកវិនិយោកអូស្ត្រាលី ឲ្យមកបណ្តាក់ទុននៅកម្ពុជា ហើយកម្ពុជានឹងជួយសម្រួល ដល់បរិយាកាសវិនិយោគ របស់អ្នកវិនិយោគទាំងអស់ ដែលគ្រោងនឹងមកបណ្តាក់ទុន នៅប្រទេសកម្ពុជានាពេលអនាគត»។
ក្នុងជំនួបពិភាក្សាការងារ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្ត និងបានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៧ រហូតមកដល់ឆ្នាំ២០១៥ (រយៈពេល១៨ឆ្នាំ) រដ្ឋាភិបាលអូស្ត្រាលី បានជួយដល់ការអភិវឌ្ឍនៅកម្ពុជា ក្នុងទឹកប្រាក់ដែលបានផ្តល់ និងសន្យាផ្តល់ចំនួន ៨១៧.៣លាន ដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានឥតសំណង ផ្តោតជាសំខាន់លើវិស័យអប់រំ និងការបណ្តុះបណ្តាល សុខាភិបាល កសិកម្មអភិបាលកិច្ចនិងរដ្ឋបាល៕