(បាត់ដំបង)៖ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គការអន្តរជាតិ ខាងការងារ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលា ស្តីពីការពង្រឹងនៃការអនុវត្តប្រកាសលេខ ០៨៦ ប្រកាសលេខ ១៩៤ និងសេចក្តីណែនាំលេខ ០០៨ នៅតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទៅដល់ម្ចាស់គ្រឹះស្ថាន និងកម្មករនិយោជិតផ្នែកសេវាកម្សាន្ត នៅខេត្តបាត់ដំបង។
លោក មាស ដារ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង បានធ្វើរបាយការណ៍ស្វាគមន៍អំពីកិច្ចខិតខំប្រឹងប្រែង លើការងារទប់ស្កាត់អេដស៍ និងគ្រឿងញៀន និងមានការចូលរួមគាំទ្រ ពីសំណាក់សហគ្រាស គ្រឹះស្ថានផ្នែកសេវាកម្សាន្តក្នុងការបង្ការទប់ស្កាត់ការរាលដាលមេរោគអេដស៍និងប្រយុទ្ធប្រឆាំងគ្រឿងញៀននដល់បុគ្គលិករបស់ខ្លួន។
ថ្លែងក្នុងនាម នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នាឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងអំណរគុណដល់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន ដែលមានលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រប់ផ្នែកពាក់ព័ន្ធ ដែលបានចូលរួមបង្ការទប់ស្កាត់បាននូវការរីករាលដាលមេរោគអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ និងសូមបន្ត ។ ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ក្នុងចំណោមអ្នកប្រើប្រាស់គ្រឿងញៀនចំនួន៤,៦៦១នាក់ និងមានអាយុចន្លោះពី១៨ឆ្នាំ ទៅ៤៥ឆ្នាំ ប្រើប្រាស់គ្រឿងញៀនច្រើនជាងគេ។
ជាមួយនឹងការកោតសសើរ និងអរគុណ ក្នុងនាមលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ នាឱកាសនោះដែរ លោកវេជ្ជ.ហ៊ុយ ហានសុង រដ្ឋលេខាធិការ បានថ្លែងថា ការចូលរួមរក្សាបាននូវសុខុមាលភាពនៅកន្លែងធ្វើការ គឺពិតជាជោគជ័យធំណាស់ ព្រោះថា បុគ្គលិក កម្មករ និយោជិតមានសុខភាពល្អ គឺជាថែទាំកម្លាំងពលកម្មរបស់ជាតិ ហើយផលិតភាពក៏កើនឡើង ហើយទាំងនិយោជក និងនិយោជិតរីកចម្រើនទៅមុខទាំងអស់គ្នា៕