(បន្ទាយមានជ័យ)៖ រាជរដ្ឋាភិបាល និងសង្គមស៉ីវិល បានបើកសិក្ខាសាលាស្ដីពី ការយល់ដឹងអំពីនីតិវិធីពង្រឹងសមត្ថភាពដល់អ្នកផលិតចំណីអាហារ និងការដាក់តាំងបង្ហាញផលិតផលស្នាដៃខ្មែរផលិតផលកែច្នៃ ខេត្តបន្ទាយមានជ័យ។

សិក្ខាសាលានេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំនៃសណ្ឋាគារ ឌឹ វ៉ាយ ផាលេស រីសត នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ដែលកម្មវិធីនេះសហការឧបត្ថម្ភ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហគ្រិនខ្មែរ និងសហការរៀបចំដោយក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងពាណិជ្ជកម្ម។

ផលិតផលកែច្នៃ ស្នាដៃកូនខ្មែរដែលបានយកមកដាក់តាំងបង្ហាញដល់ពេលនេះរួមមាន ស្រាមៀន ទឹកស្វាយ មៀនកែវដែលបានផលិតនៅភូមិវាលហាត់ ឃុំម៉ាឡៃស្រុក ម៉ាឡៃខេត្តបន្ទាយមានជ័យ នៅសហគ្រាសសេរីហ្វាម និងផលិតផលកែច្នៃមួយបន្ថែមទៀតនៅក្រុងប៉ោយប៉ែតរួមមាន កាហ្វេគ្រាប់ល្មើ ទឹកជ្រលក់ល្មើ ដំណាប់ល្មើ ស្ករល្មើ និងស្រាល្មើ ហើយការកែច្នៃស្នាដៃខ្មែរនេះ គឺផលិតឡើងពីផ្លែឈើធម្មជាតិពិតៗ។

ក្នុងឱកាសនោះ លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានអរគុណចំពោះក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ ដែលមាននាយកដ្ឋានសហគ្រាសធុនតូចមធ្យម និងសិប្បកម្មវិទ្យាស្ថានស្តង់ដារកម្ពុជា ជាសេនាធិការផ្ទាល់ និងសមាគមអ្នកផលិតចំណីអាហារកម្ពុជា ដែលបានសហការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសិក្ខាសាលានេះ ដើម្បីឲ្យសិល្បករអាជីវករនិងភាគី ពាក់ព័ន្ធបានយល់ដឹងកាន់តែច្បាស់តាមរយៈការជំរុញលើកទឹកចិត្តប្រកបដោយការជឿជាក់ គាំពារសុវត្ថិភាពចំណីអាហារ និងការប្រើប្រាស់ផលិតផលកម្ពុជា ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក៕