(សៀមរាប)៖ ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន VISA និងសមាគមន៍ធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក (PATA) នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីបើកវគ្គបណ្តុះបណ្តាលជំនាញបន្ថែម (Upskilling) ក្រោមកម្មវិធីភាពធន់នៃគោលដៅទេសចរណ៍ នៅសណ្ឋាគារសុខាល័យអង្គររីសត និងស្ប៉ា ខេត្តសៀមរាប។

សម្រាប់វគ្គបណ្តុះបណ្តាលជំនាញនេះ មានអ្នកចូលរួមប្រមាណ១០០រូប ដោយចូលរួមពីប្រតិបត្តិករទេសចរណ៍ គ្រូបង្គោលជាតិប្រចាំសាលាបណ្តុះបណ្តាលជំនាញ ខេត្តសៀមរាប ៤០រូប។

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ឆ្លងកាត់តាមបទពិសោធន៍កន្លងមក បង្ហាញថា យុវជនកម្ពុជាដែលមានជំនាញទេសចរណ៍អាចបំពេញការងារតាមអាជីវកម្មទេសចរណ៍ ឬបើកអាជីវកម្មខ្លួនឯងផ្ទាល់ ជាសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម (MSME)។

លោករដ្ឋលេខាធិការបន្តថា និន្នាការទេសចរណ៍សកលលោកនាពេលអនាគត គឺត្រូវផ្ដោតជាអាទិភាពដល់ការពង្រឹងជំនាញដល់យុវជន ដើម្បីអាចឆ្លើយតបបាននឹងការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថល និងការបង្កើតអាជិវកម្មថ្មីដោយយុវជន ហើយដែលទាំងនេះក្រសួងទេសចរណ៍បានបន្ត និងបង្កើននូវកម្មវិធីអក្ខរកម្មឌីជីថល ការបណ្ដុះបណ្ដាលសហគ្រិនភាពក្នុងវិស័យទេសចរណ៍ ក៏ដូចជាការលើកកម្ពស់ធុរកិច្ចក្នុងវិស័យទេសចរណ៍ តាមរយៈកម្មវិធីពង្រឹងសមត្ថភាពឲ្យស្របតាមនិន្នាការទេសចរណ៍ នាពេលបច្ចុប្បន្ន និងអនាគត។ វគ្គបណ្តុះបណ្តាលជំនាញបន្ថែមនេះនឹងចូលរួមដោះស្រាយនូវបញ្ហាដែលចោទឡើងសម្រាប់អាជីវកម្មធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ ក៏ដូចជាជំរុញអាជីវកម្មអោយកាន់តែប្រសើរឡើង ធុននឹងវិបត្តិ ព្រមទាំងជំរុញឲ្យមានការបើកអាជីវកម្មថ្មីៗថែមទៀត។

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានលើកឡើងដែរថា វគ្គបណ្តុះបណ្តាលជំនាញបន្ថែមនាថ្ងៃនេះបានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ សហការជាមួយសមាគមទីភ្នាក់ងារធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក (PATA) រៀបចំវគ្គបណ្ដុះបណ្ដាល ដើម្បីបង្កើនការយល់ដឹង និងជំនាញបន្ថែមទៅដល់ម្ចាស់អាជីវកម្ម គ្រូបង្គោល ក៏ដូចជាមន្ត្រីបង្គោលប្រចាំមូលដ្ឋានទេសចរណ៍ ដែលជាក្រុមគោលដៅដ៏សំខាន់ក្នុងការចូលរួមជំរុញវិស័យទេសចរណ៍ឱ្យមានសន្ទុះ និងមាននិរន្តភាព។ ចំណេះដឹងថ្មីៗ គឺជាព័ត៌មានមិនអាចខ្វះបានសម្រាប់ម្ចាស់អាជីវកម្មគ្រប់រូប ជាក់ស្ដែងដូចជា៖ របាយការណ៍ហរិញ្ញវត្ថុ ប្រតិបត្តិការទិញ/លក់ ការគ្រប់គ្រងការចំណាយ ការគ្រប់គ្រងផលិតផលឬសេវាកម្មរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ដើម្បីឱ្យអាជីវកម្មរបស់ខ្លួនទទួលបានភាពរីកចម្រើន ព្រមទាំងអាចដើរទន្ទឹមនឹងការអភិវឌ្ឍឥតឈប់ឈររបស់សាកលលោក។

កម្មវិធីសិក្សានេះឆ្លើយតបទៅនឹងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ស្តង់ដាអាស៊ាន (MRA) ដែលមានគោលដៅពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ឲ្យមានចំណេះដឹង និងជំនាញផ្នែកឌីជីថល និងហិរញ្ញាវត្ថុ៕