(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានសម្ពោធដាក់ឱ្យប្រើប្រាស់អគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលស្រុកអូរជុំ ព្រមទាំងបានផ្ដល់ការណែនាំជាច្រើនដល់មន្ត្រីដែនប្រចាំការនៅការិយាល័យនេះ។
លោក គៀង តុលា អភិបាលស្រុកអូរជុំ បានសម្តែងនូវការសូមស្វាគមន៍ប្រកបដោយសេចក្តីសោមនស្សរីករាយ ដែលទទួលបាននូវសមិទ្ធផលថ្មីមួយទៀតសម្រាប់រដ្ឋបាលស្រុកអូរជុំ ក្នុងការបម្រើសេវារដ្ឋបាលសាធារណៈជូន ប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងរហ័សទាន់ចិត្តតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។
លោកអភិបាលស្រុកបន្តថា ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋស្រុកអូរជុំ ត្រូវបានចាប់ផ្តើមសាងសង់ឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ និងបានបញ្ចប់រួចរាល់ជាស្ថាពរនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ដែលមានទំហំ២២០ម៉ែត្រការ៉េ ដោយមានមន្រ្តីជួរមុខ និងមន្រ្តីជួរក្រោយសម្រាប់ផ្តល់សេវាចំនួន១៣ វិស័យមានជាអាទិ៍៖វិស័យសុខាភិបាល វិស័យទេសចរណ៍ វិស័យសាធារណការនិងដឹកជញ្ជូន វិស័យឧស្សាហកម្ម និងសិប្បកម្ម វិស័យវប្បធម៌និងវិចិត្រសិល្បៈ វិស័យកសិកម្ម វិស័យសុរិយោដី និងសំណង់ វិស័យអប់រំ យុវជន និងកីឡា វិស័យពាណិជ្ជកម្ម វិស័យរ៉ែនិងថាមពល។
លោក ញ៉ែម សំអឿន បានចាត់ទុកអគារច្រកចេញចូលតែមួយនេះជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តរតនគិរី និយាយជារួម និងសម្រាប់ស្រុកអូរជុំ និយាយដោយឡែក ដើម្បីដាក់ឲ្យមន្ត្រីរាជការសាលាស្រុកអាចប្រើប្រាស់បាន និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងសាធារណ ជននានាមកទទួលសេវាផងដែរ។ តាមរយៈនេះអគារថ្មីដ៏ស្រស់ស្អាតនេះ វានឹងជួយរួមចំណែកក្នុងការផ្តល់ភាពងាយស្រួលដល់មន្ត្រី អាចធ្វើការបានពេញលេញទាំងរដូវប្រាំង និងរដូវវស្សា។
លោកអភិបាលខេត្តមានជំនឿយ៉ាងមុខមាំថា អគារថ្មីនេះគឺពិតជាបានផ្ដល់អត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់រដ្ឋបាលស្រុក និងប្រជាពលរដ្ឋក្នុងស្រុកអូរជុំទាំងមូល។
លោកបានស្នើឲ្យក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់ការិយាល័យនៃរដ្ឋបាលស្រុកអូរជុំទាំងអស់យកចិត្តទុកដាក់ប្រើប្រាស់អគារ និងសម្ភារៈ បរិក្ខារដែលបានបំពាក់ជូនឲ្យបានត្រឹមត្រូវ ហើយត្រូវរួមគ្នាថែរក្សា សំអាត អនាម័យ ជួសជុល កែសម្រួល ឲ្យបានជាប់ជាប្រចាំដើម្បីអាចប្រើប្រាស់យូរអង្វែង លើសពីនេះត្រូវគិតគូរលៃលកលើកគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ រួមទាំងការតុបតែងលម្អទាំងក្នុង និងក្រៅបរិវេណអគារការិយាល័យស្រុកបន្ថែមទៀត ដើម្បីអាចបំពេញតម្រូវការចំពោះមុខ៕