(កំពង់ឆ្នាំង)៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងក្រុមអ្នកសារព័ត៌មាននៅខេត្តកំពង់ឆ្នាំងជិត១០០នាក់ បានជួយសន្ទនាគ្នាផ្ដោតលើកក្រមសីលធម៌វិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន ក្រោមអធិបតីភាពលោក ម៉ម ឈឿម ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងជាទីប្រឹក្សាក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅសាលប្រជុំនៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង។
លោក អ៊ុយ សុខមាស តំណាងអង្គការអេស៊ីធី បានលើកឡើងថា កិច្ចសន្ទនារវាងមន្ត្រីនៃមន្ទីរព័ត៌មាន អ្នកសារព័ត៌មាន និងសមាគមន៍អ្នកសារព័ត៌មាននាពេលនេះ គឺផ្ដោតជាសំខាន់ដល់ការសរសេរអត្ថបទបែបសន្តិភាព ដែលមិនបង្កឲ្យមានអំពើហិង្សា មិនស្ថិតក្នុងការសរសេរបែបញុះញង់និងត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ។
លោក ម៉ម ឈឿម បានលើកយកសំណូមពររបស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលបានផ្ដាំផ្ញើដល់ក្រុមអ្នកសារព័ត៌មានត្រូវរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងខេត្ត ដើម្បីផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ អភិវឌ្ឍន៍ និងកែតម្រូវនូវចំណុចខ្វះខាត។ ជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយ ឧក្រិដ្ឋកម្មព័ត៌មាន តាមការផ្សាយព័ត៌មានដែលពិត។ គោរពក្រមសីលធម៌វិជ្ជាជីវៈ ចៀសវាងការផ្សាយព័ត៌មានក្លែងបន្លំ គុំកួន ជេរប្រមាថ ញុះញង់បញ្ឆេះកំហឹងរើសអើង បង្កជម្លោះជាតិសាសន៍។ លោកបានណែនាំឱ្យបន្តរួមចំណែកដោះស្រាយទំនាស់ក្នុងសង្គមតាមរយៈការផ្សាយព័ត៌មានបែបសន្តិភាព។
លោក ម៉ម ឈឿម បានបន្តលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានបន្តធ្វើជាស្ពានចម្លងពីរដ្ឋទៅប្រជាជន និងពីប្រជាជនមករដ្ឋ ទាំងកម្រិតនយោបាយរួម និងកម្រិតនៃការអនុវត្ត រំលេចគោលនយោបាយរដ្ឋជូនប្រជាពលរដ្ឋឲ្យបានជ្រោតជ្រាប។
លោកសង្ឃឹមថា ក្រោយពីកិច្ចសន្ទនានេះទៅអ្នកសារព័ត៌មាន និងសមាគមអ្នកសារព័ត៌មានទាំងអស់ទទួលយកនូវសំណូមពរនេះទៅអនុវត្តស្របតាមក្រមសីលធម៌វិជ្ជាជីវៈ ក្នុងក្របខណ្ឌច្បាប់នៃរបបសារព័ត៌មានកម្ពុជា ពិសេសការដាក់បញ្ចូលសារបែបសន្តិភាព និងអហិង្សាទៅក្នុងអត្ថបទព័ត៌មានរបស់ខ្លួន។
ក្នុងឱកាសនោះ ក្រុមអ្នកសារព័ត៌មានបានលើកជាសំណូមពរដល់មន្ទីរព័ត៌មាន ក៏ដូចជាអង្គការអេស៊ីធី បើមានកិច្ចប្រជុំសន្ទនានៅពេលក្រោយ ត្រូវអញ្ជើញមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់មកចូលរួមក្នុងការពិភាក្សាគ្នា ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក និងសូមសំណូមពរដល់មន្ទីរព័ត៌មានសូមផ្ដល់ព័ត៌មានពីសកម្មភាពថ្នាក់ដឹកនាំខេត្ត និងព័ត៌មានអំពីការអភិវឌ្ឍក្នុងខេត្ត ដើម្បីក្រុមអ្នកសារព័ត៌មានបានយកមកផ្សព្វផ្សាយផងដែរ៕