(កំពង់ធំ)៖ លោក អ៊ុ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងអគ្គនាយក និងក្រុមប្រឹក្សាភិបាលរដ្ឋាករទឹក ក្រុងស្ទឹងសែន និងស្ទោង-តាំងក្រសាំង នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលាខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោកបានសម្តែងនូវទឹកចិត្តសោមនស្សរីករាយ និងអបអរសាទរចំពោះសមិទ្ធផលនានា របស់រដ្ឋាករទឹកខេត្តកំពង់ធំ ដែលមានរដ្ឋាករទឹកក្រុងស្ទឹងសែន និងស្ទោង តាំងក្រសាំង ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ដើម្បីបម្រើវិស័យទឹកស្អាតទៅដល់ប្រជាពលរដ្ឋ ជាពិសេសការរីកចម្រើនរបស់ប្រទេសជាតិផងដែរ។
លោកបន្តថា នេះជាការបង្កើននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រង ដឹកនាំចាត់ចែងការងាររបស់អង្គភាពដោយភាពម្ចាស់ការ, កាត់បន្ថយការពឹងផ្អែកជំនួយហិរញ្ញវត្ថុពីថវិកាជាតិ, បង្កើនការទទួលខុសត្រូវកាន់តែខ្ពស់ប្រកប ដោយគណនេយ្យភាព និងតម្លាភាពក្នុងគ្រប់គ្រងការធ្វើអាជីវកម្ម និងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ឲ្យធានាបានគុណភាពសុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល។
លោក អ៊ុ សុថា បានគូសបញ្ជាក់ថា ការខិតខំរបស់ក្រសួងក្នុងការស្វែងរកដៃគូ អភិវឌ្ឍន៍វិស័យទឹកស្អាត ដែលទាមទានូវតម្រូវការទឹកស្អាត ប្រើប្រាស់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ។ ម៉្យាងទៀត ការពង្រីកវិសាលភាព នៃប្រព័ន្ធទឹកស្អាតតាមរយៈការគៀគរនូវប្រភពទុនពីដៃគូអភិវឌ្ឍន៍នានា បាននាំមកនូវភាពជោគជ័យជូនរាជរដ្ឋាភិបាល ក្នុងការកែទម្រង់វិស័យផ្គត់ផ្គង់ទឹកស្អាត។
គួរបញ្ជាក់ថា លោក ជាវ ចាន់នី ត្រូវបានតែងតាំង ជាអគ្គនាយករដ្ឋាករទឹកក្រុងស្ទឹងសែន និងតែងតាំងក្រុមប្រឹក្សាភិបាល រដ្ឋាករទឹកក្រុងស្ទឹងសែន អាណត្តិទី១ ដូចមានសមាសភាព៖
*ទី១៖ លោក ចាន់ ពិសិដ្ឋ ទីប្រឹក្សាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាអគ្គនាយករង នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាប្រធាន
*ទី២៖ លោក នួន សំបូរ អគ្គនាយករង អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសមាជិក
*ទី៣៖ លោក អ៊ុ កក្កដា ប្រធានការិយាល័យ នាយកដ្ឋានសហគ្រាសសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងម្ចាស់ភាគហ៊ុន ជាសមាជិក
*ទី៤៖ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ ជាសមាជិក
*ទី៥៖ លោក ជាវ ចាន់នី អគ្គនាយករដ្ឋាករទឹកក្រុងស្ទឹងសែន ជាសមាជិក។
ដោយឡែក លោក ពេជ សម្បត្តិរតនៈ ជាអគ្គនាយករដ្ឋាករទឹកស្ទោង-តាំងក្រសាំង និងតែងតាំងក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកស្ទោង-តាំងក្រសាំង អាណត្តិទី១ ដូចមានសមាសភាពខាងក្រោម៖
*ទី១៖ លោក សយ ភីរម្យ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម ជាប្រធាន
*ទី២៖ លោក ជាតិ សុខា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសមាជិក
*ទី៣៖ លោកស្រី យី ស្រីស្រស់ អនុប្រធាននាយកដ្ឋានចំណូលពីទ្រព្យសម្បត្តិរដ្ឋ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា តំណាងម្ចាស់ភាគហ៊ុន ជាសមាជិក
*ទី៤៖ លោក លី វេត អភិបាលរងខេត្តកំពង់ធំ ជាសមាជិក
*ទី៥៖ លោក ពេជ សម្បត្តិរតនៈ អគ្គនាយករដ្ឋាករទឹកស្ទោង-តាំងក្រសាំង ជាសមាជិក៕