(ភ្នំពេញ)៖ ស្របពេលដែលស្ថានីយទូរទស្សន៍ កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ កំពុងតែមានតម្រូវការខ្ពស់ទៅលើរឿងភាគខ្មែរ សម្រាប់ដាក់បញ្ចាំងក្នុងម៉ោងមាស បម្រើអារម្មណ៍ទស្សនិកជននោះ ផលិតកម្ម «B&S Good day» បន្ទាប់ពីក្រុងពាលីថតរឿងភាគ «ភ្លើងក្នុងបេះដូង» បានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ស្រាប់តែផលិតកម្មនេះ បន្តក្រុងពាលីចេញថតរឿងពីរថ្មីបន្ថែមទៀត ក្នុងពេលមួយ គឺរឿង «ឋានសួគ៌វណ្ណៈ» និងរឿង«វរសេនីយ៍កំពូលស្នេហ៍» ដែលជារឿងភាគ បែបមនោសញ្ចេតនា និងការស៊ើបអង្កេត។
លោក ទិត ធារិទ្ធ អ្នកដឹកនាំសម្ដែងរឿង «វរសេនីយ៍កំពូលស្នេហ៍» បានថ្លែងប្រាប់ក្នុងពិធីក្រុងពាលី នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះថា ផលិតកម្ម «B&S Good day» បានទទួលសិទ្ធិថតរឿងភាគខ្មែរជាច្រើន ដើម្បីដាក់បញ្ចាំងក្នុងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ព្រោះតែស្ថានីយ៍ទូរទស្សន៍នេះ មានតម្រូវការខ្ពស់ក្នុងការចាក់បញ្ចាំងរឿងភាគខ្មែរ ក្នុងម៉ោងពិសេស។ រឿងភាគទាំងពីរនេះ គឺក្រុមការងាររបស់ផលិតកម្ម «B&S Good day» នឹងចាប់ផ្ដើមចេញថតឲ្យទាន់ពេលវេលា ដោយបានចេញគ្នាជាពីរក្រុម ដើម្បីទទួលខុសត្រូវរៀងៗខ្លួន ក្នុងរឿងនីមួយៗ។
អ្នកដឹកនាំសម្ដែងមានបទពិសោធន៍ ជាច្រើនឆ្នាំរូបនេះ បានបន្តថា ទោះបីជាផលិតកម្ម «B&S Good day» កំពុងតែថតរឿង២-៣ ក្នុងពេលតែមួយក្ដី ប៉ុន្តែផលិតកម្មនៅតែគិតគូចម្បង ទៅលើគុណភាពភាពយន្ត ពោលមិនអាចបណ្ដែតបណ្ដោយឲ្យតែបានៗនោះទេ ព្រោះក្នុងរឿងនីមួយ ទាំងតួសម្ដែង ទីតាំងថត បច្ចេកទេស ក្រុមការងារ សុទ្ធសឹងតែមានការរៀបចំយ៉ាងត្រឹមត្រូវ ណាមួយស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ក៏បានមើលឃើញពីសមត្ថភាព និងគុណភាពនៃរឿងនីមួយៗ នាពេលកន្លងមករួចហើយដែរ ទើបផ្ដល់ទំនុកចិត្តឲ្យផលិតរឿងថ្មីៗបន្ថែមទៀត។
លោក ទិត ធារិទ្ធបន្ថែមទៀតថា រឿង «ឋានសួគ៌វណ្ណៈ» និងរឿង «វរសេនីយ៍កំពូលស្នេហ៍» មានលក្ខណៈខុសពីគ្នារហូតដល់ទៅ៩០ភាគរយឯណោះ ពោលមានលក្ខណៈដូចគ្នាតិចតួចបំផុត ដោយរឿង «ឋានសួគ៌ស្នេហ៍» បាននិយាយពីស្នេហាបែបយុវវ័យ មនោសញ្ចេតនាជ្រាលជ្រៅ។ ចំណែករឿង «វរសេនីយ៍កំពូលស្នេហ៍» ជាប្រទេសរឿងបែបស៊ើបអង្កេត ក្នុងសមរភូមិកងទ័ព ក្នុងសំណុំរឿងមួយចំនួន ប៉ុន្តែក៏មានឈុតឆាកស្នេហាខ្លះៗផងដែរ។
សូមបញ្ជាក់ថា រឿង «ឋានសួគ៌វណ្ណៈ» និងរឿង «វរសេនីយ៍កំពូលស្នេហ៍» មានលោក ប៊ុន ស៊ា ជាចាងហ្វាង និងជាផលិតករ ហើយលោក ទិត ធារិទ្ធ ជាង្នកដឹកនាំសម្ដែង។ «ឋានសួគ៌វណ្ណៈ» និងរឿង «វរសេនីយ៍កំពូលស្នេហ៍» គ្រោងថតចប់រយៈពេល ជាង១ខែ ដើម្បីត្រៀមដាក់បញ្ចាំង នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ នាពេលខាងមុខនេះ៕