(កណ្តាល)៖ លោក ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជានាយកសមាគមបេសកកម្មដំណឹងល្អ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ បានដឹកនាំលោកគ្រូគង្វាល និងអាជ្ញាធរមូលដ្ឋាន ចុះប្រគល់អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ី ដេស ចំនួន១០អណ្ដូង ដើម្បីជាប្រយោជន៍ដល់សហគមន៍ ក្នុងស្រុកលើកដែក ចំនួន៦, ស្រុកស្អាង ចំនួន៣ និងស្រុកកណ្ដាលស្ទឹង ចំនួន១។
ក្នុងឱកាសនោះ លោក ខាន់ ខុន បាននាំការសួរសុខទុក្ខពីលោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ដែលលោកនឹករលឹក និងគោរពស្រលាញ់ដល់ប្រជាជនក្នុងសហគមន៍ ដោយធ្លាប់ដឹងពីសេចក្ដីត្រូវការ ការខ្វះខាតទឹកនៅរដូវប្រាំង និងមិនទាន់មានទឹកស្អាតប្រើប្រាស់ ស្របតាមការអភិវឌ្ឍ ការគាំពារលើកស្ទួយជួយដល់ទីជនបទ។
លោក ខាន់ ខុន បានផ្ដល់អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ី ដេស ចំនួន១០អណ្ដូង ដល់ប្រជាជនក្នុងសហគមន៍ ដើម្បីជួយដល់ការរស់នៅតាមរយៈអណ្ដូងទឹកស្អាត ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ជួយកាត់បន្ថយការទិញទឹកនៅរដូវប្រាំង ការទៅយកទឹកពីកន្លែងឆ្ងាយដែលមិនមែនជាប្រភពទឹកស្អាត ជួយដល់កុមារក្នុងការប្រើប្រាស់ ចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំ មួយចំនួន សម្រាប់ចិញ្ចឹមជីវិត។
បន្ថែមពីនេះ លោក ខាន់ ខុន បានលើកទឹកចិត្ត ដល់ឪពុកម្ដាយគ្រប់រូប ដែលមានកូន ឲ្យមានការយកចិត្តទុកដាក់ជំរុញកូន ឲ្យបានរៀនសូត្រខ្ពង់ខ្ពស់ ដើម្បីក្លាយជាពលរដ្ឋដែលមានសមត្ថភាព ក្នុងការជួយដល់ក្រុមគ្រួសារ និងជាអ្នកដឹកនាំបន្តវេន ជួយដល់ការអភិវឌ្ឍសង្គមជាតិ គ្រប់វិស័យតាមជំនាញដែលមាន។ លោកបានបន្ថែមថា ដើម្បីមានអ្វីដែលយើងចង់បានត្រូវរួបរួមគ្នា រក្សាសុខសន្តិភាព ដើម្បីរីកចម្រើនគ្រប់ៗគ្នា។
សូមបញ្ជាក់ផងដែរ សមិទ្ធផលទាំងអស់នេះ បានមកពីការរួមសហការ របស់គ្រីស្ទបរិស័ទក្នុងប្រទេស និងក្រៅប្រទេស បរិច្ចាគចូលរួមជាការអធិដ្ឋាន និងចូលជាថវិកាតាមរយៈលោក ខាន់ ខុន ក្នុងការចុះជួយដល់ប្រជាជនតាមសហគមន៍ ដើម្បីជាប្រយោជន៍ បម្រើដល់ប្រជាពលរដ្ឋ នៅតាមទីជនបទដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ហើយខ្វះខាតទឹកប្រើនៅរដូវប្រាំង ហើយបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការបង្កើនការអភិវឌ្ឍនៅតាមទីជនបទ៕