(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានរៀបចំផែនការអភិវឌ្ឍន៍តំបន់ទន្លេអុំ ក្បែរវិមានឯករាជ្យ ក្នុងក្រុងកំពង់ចាម ឲ្យក្លាយជាតំបន់ទេសចរណ៍មួយទៀត នៅក្នុងឆ្នាំ២០២៤ខាងមុខនេះ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី១០ ខែសីហាឆ្នាំ ២០២៣នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ខាងមុខនេះ រដ្ឋបាលខេត្តកំពង់ចាម មានផែនការអភិវឌ្ឍន៍ច្រើន ជាពិសេសគឺតំបន់ទន្លេអុំ ក្នុងក្រុងកំពង់ចាម ដែលត្រូវជំរុញអភិវឌ្ឍន៍តំបន់នេះឲ្យមានសោភ័ណភាពស្រស់បំព្រង ដោយរៀបចំធ្វើសួនច្បារ និងពង្រីកផ្លូវ ទទឹងប្រវែង២ម៉ែត្រ សងខាង ចាប់ពីកន្លែងរង្វង់មូលសេះ រហូតដល់វិមានឯករាជ្យ និងរៀបចំដាំដើមឈើឡើងវិញ និងដាក់ភ្លើងបំភ្លឺតាមដងផ្លូវផងដែរ។
លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ចំណែកឯក្នុងតំបន់ទន្លេអុំ យ៉ាងហោចត្រូវមានទឹកជម្រៅ៣ម៉ែត្រ ដែលអាចប្រើទូកអុំបាន និងត្រូវរៀបចំធ្វើទំនប់បង្ហៀរ ចំណែកឯច្រាំងទន្លេអុំ ធ្វើជាបេតុងតាមថ្នាក់ៗ ដែលអាចអង្គុយកម្សាន្តបានដែរ។
លោក អ៊ុន ចាន់ដា បានបន្ថែមថា បច្ចុប្បន្នផ្លូវចូលទីរួមខេត្ត ពីនាគព័ន្ធមានទំហំតូចចង្អៀត ប៉ុន្តែយ៉ាងណាក៏ដោយ រដ្ឋបាលខេត្តប្ដេជ្ញាអភិវឌ្ឍន៍តំបន់នេះ ឲ្យមានផ្លូវចូលធំទូលាយ ប្រកបដោយសោភ័ណភាពតាមដងផ្លូវ និងតំបន់ទន្លេអុំឲ្យកាន់តែមានការទាក់ទាញដល់ភ្ញៀវទេសចរ សម្រាប់ឆ្នាំ២០២៤ខាងមុខនេះ៕