(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងលោក ជា ហ៊ន អភិបាលស្រុកស្វាយទាប ជំនួសលោក ម៉ែន រ៉ាន់ ដែលត្រូវដល់អាយុចូលនិវត្តន៍។
ថ្លែងក្នុងឱកាសនោះ លោក ម៉ែន វិបុល បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ជាពិសេសលោក ម៉ែន សារ៉ាន់ ដែលនៅក្នុងអាណត្តិ នៃការដឹកនាំជាអភិបាលស្រុកកន្លងមក បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចដឹកនាំស្រុក ប្រកបដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់ សម្រេចបាននូវលទ្ធផលល្អប្រសើរ ទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បានផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
*ទី១៖ ត្រូវពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ដោយត្រូវចៀសឲ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ
*ទី២៖ ត្រូវបង្កើនការសហការក្នុងការថែរក្សាពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសងជាដេីម
*ទី៣៖ គណៈអភិបាលស្រុក ត្រូវរៀបចំធ្វើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងជួរគណៈអភិបាលស្រុក ឲ្យបានច្បាស់លាស់
*ទី៤៖ ត្រូវខិតខំពង្រឹងការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយស្រុក និងផ្ដល់ការគាំទ្រដល់យន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ ឲ្យមានដំណើរការល្អ ដើម្បីលើកកម្ពស់ការផ្ដល់សេវារដ្ឋបាលជូន ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយអភិបាលកិច្ចល្អ ស្របតាមបែបបទ និងនីតិវិធី នៃការផ្ដល់សេវាតាមរចនាសម្ព័ន្ធ និងមុខងារថ្មី
*ទី៥៖ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និងណែនាំស្មៀនសង្កាត់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុក ឲ្យអនុវត្តបានត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អជូនប្រជាពលរដ្ឋ
*ទី៦៖ រដ្ឋបាលស្រុកត្រូវបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាពនានាជាមួយស្រុកជាប់ព្រំដែន នៃប្រទេសជិតខាងឲ្យបានល្អប្រសើរ
*ទី៧៖ រដ្ឋបាលស្រុកត្រូវបង្កើនការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនៅក្នុងអង្គវេទិកាសាធារណៈ ជាពិសេសទំនាស់ដីធ្លី ត្រូវខិតខំព្យាយាម អត់ធ្មត់ ដើម្បីដោះស្រាយប្រកបដោយតម្លាភាព យុត្តិធម៌ និងសន្តិវិធី ដោយឈរលើគោលការណ៍បង្រួមទំនាស់ ពង្រីកការដោះស្រាយ ជាមួយការខិតខំ ទប់ស្កាត់កុំឲ្យមានទំនាស់ថ្មីគ្រប់ប្រភេទកើតឡើង ឲ្យមានប្រសិទ្ធភាព
*ទី៨៖ រដ្ឋបាលស្រុកត្រូវបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើវិស័យអាទិភាពនានាជាមួយស្រុកជាប់ព្រំដែន នៃប្រទេសជិតខាង ឲ្យបានល្អប្រសើរ៕