(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកឆែប នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ បានជួបសំណេះសំណាល ជាមួយលោកមេឃុំសង្កែពីរ ព្រះសង្ឃ គណៈកម្មាធិការវត្តទ្រីសទ្ទារាម (ហៅវត្តសង្កែពីរ) និងបានប្រគេនបច្ច័យ ចំនួន៣,៥០០,០០០រៀល ដែលជាអំណោយលោក មាស សុភា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ដព្រះវិហារ សម្រាប់ទិញម៉ាសុីនភ្លើង។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងប្រគេនព្រះសង្ឃ និងជម្រាបជូនលោកមេឃុំសង្កែពីរ ព្រមទាំងគណៈកម្មាធិការវត្តទ្រី សទ្ធរាម ពីការផ្តាំផ្ញើសាកសួរសុខទុក្ខពីទេសរដ្ឋមន្ត្រី មាស សុភា ដែលជានិច្ចជាកាលលោកតែងគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងជីវភារស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាទិសដៅអភិវឌ្ឍគ្រប់វិស័យនៅក្នុងខេត្តព្រះវិហារ។

លោកថា ជាក់ស្តែងថ្ងៃនេះលោកបាននាំថវិកាចំនួន៣,៥០០,០០០រៀល ដែលជាអំណោយរបស់លោកទេសរដ្ឋមន្ត្រី មាស សុភា ប្រគេនព្រះសង្ឃ គណៈកម្មាធិការវត្ត ទ្រីសុទ្ធារាម ហៅវត្តសង្កែពីរ ស្ថិតក្នុងភូមិសំបូរ ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ សម្រាប់ទិញម៉ាសុីនភ្លើងបំភ្លឺនៅក្នុងវត្ត។

លោក ច័ន្ទ សុភ័ក្ត្រា បានថ្លែងទូលថ្វាយប្រគេនព្រះសង្ឃពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ក្រោមការដឹកនាំដ៍ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកក៏បានថ្លែងប្រគេនព្រះសង្ឃ ពីការចូលរួមអបអរសាទរ ដែលនៅពេលដ៍ខ្លីខាងមុខនេះប្រទេសកម្ពុជា នឹងមាននាយករដ្ឋមន្ត្រីថ្មី គឺឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បន្តពីសម្តេចតេជោ ហ៊ុន សែន នៅអាណត្តិទី៧ នៃរដ្ឋសភានេះ៕