(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះ បានចេញប្រតិបត្តិការចាប់រថយន្ត១គ្រឿង ដឹកសាច់មាន់ខូចគុណភាពជាង១តោន និងកាពិ១០ធុង នៅចំណុចផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ។
លោក ចាប សុផាឬទ្ធិ ស្នងការរងខេត្ត ទទួលផែននគរបាលប្រឆាំងបទល្មើស បានប្រាប់ភ្នាក់ងារ Fresh News ថា ក្រោយមានការចង្អុលបង្ហាញពីលោក អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ និងសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឈានមកដល់ការបង្ក្រាបទល្មើសនេះតែម្ដង ដើម្បីសុវត្ថិភាពរបស់ពលរដ្ឋ។
លោកបន្ដថា រថយន្តដែលបង្ក្រាបបាននេះ ម៉ាក់ Camary ចង្កូតស្តាំ ពណ៌ស ឆ្នាំ១៩៩៥ ពាក់ស្លាកលេខភ្នំពេញ2A-0112 ដោយបានឆែកឆេររកឃើញសាច់មាន់ខូចគុណភាព មានប្រមាណជាង១តោន និងកាពិបង្កប់ខាងក្រោម១០ធុង បន្ថែមទៀត។
បើតាមម្ចាស់រថយន្ដ ឈ្មោះប៊ុន ប៊ូវិបុល បានសារភាពថា ការដឹកជញ្ជូននេះ ជាលើកទី៤ហើយ ដែលដឹកសាច់មាន់នេះ គឺមានច្បាប់នាំចូល ដឹកចេញពីចំណុចក្បែរព្រំដែន ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត យកទៅខេត្តសៀមរាប ដើម្បីអោយសត្វក្រពើស៊ី។ ក្រោយពេលឃាត់បាន សមត្ថកិច្ចបានយកសាច់មាន់ និងកាពិទាំងអស់ ទៅដុតចោល រីឯម្ចាស់រថយន្ដត្រូវបានសមត្ថកិច្ចនាំខ្លួន ទៅសាកសួរបន្ដ៕