(ព្រះសីហនុ)៖ ករណីភ្លើងឆេះនៅហាងលក់សម្ភារៈប្រើប្រាស់ផ្ទះបាយគ្រប់ប្រភេទមួយកន្លែង បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង៩៖៣៥នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ត្រង់ផ្លូវបំបែកស្តុបផ្សារលើស្ថិតក្នុងភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បន្ទាប់ពីទទួលបានព័ត៌មានប្រជាពលរដ្ឋ លោកឧត្តមសេនីយទោ ជួន ណារិន្ទ ស្នងការនគបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគបាលខេត្ត ដើម្បីទៅអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

លោកឧត្តមសេនីយទោ ជួន ណារិន្ទ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ករណីអគ្គិភ័យនេះបង្កឡើងដោយសារម្ចាស់ផ្ទះបានសាកអាគុយទៅលើកង់ប្រើអគ្គិសនីរបស់គាត់តាំងពីយប់រហូតដល់ព្រឹក ប៉ុន្តែម្ចាស់ផ្ទះពុំបានដកភ្លើងចេញនោះទេ រហូតឈានដល់ធ្វើឲ្យអាគុយផ្ទុះបែកផ្កាភ្លើងជះមកលើសម្ភារៈដែលនៅក្បែរនោះ ក៏បណ្តាលឲ្យមានការឆាបឆេះភ្លាមៗ។ លោកបន្តថា ក្នុងករណីនេះមិនមានអ្នកគ្រោះថ្នាក់នោះទេ តែត្រូវខូចខាតសម្ភារៈមួយចំនួននៅក្នុងផ្ទះ រួមទាំងកង់បីប្រើអគ្គិសនី១គ្រឿងផងដែរ។

ករណីនេះត្រូវបានគ្រប់គ្រងពន្លត់ទាំងស្រុងនៅវេលាម៉ោង១០៖១៥នាទី ដោយប្រើឡានទឹកអស់ចំនួន៥គ្រឿង រួមមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន៣គ្រឿង រថយន្តរបស់កងរាជអាវុធហត្ថខេត្តចំនួន១គ្រឿង និងរថយន្តរបស់កំពង់ផែស្វាយយ័តក្រុងព្រះសីហនុចំនួន១គ្រឿង ប្រើទឹកអស់ចំនួន២គ្រឿង៕