(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា និងគណៈកម្មការមូលបត្រឡាវ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការផ្លាស់ប្តូរព័ត៌មាន និងការជួយគ្នាទៅវិញទៅមក ដើម្បីជំរុញឱ្យវិស័យមូលបត្ររបស់ប្រទេសទាំងពីរ កាន់តែរីកចម្រើន។
ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា រៀបចំឡើងក្រោមអធិបតីភាព លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា និងលោកស្រី Fongchinda Sengsouivong អគ្គលេខាធិការ និងជាអគ្គនាយកនៃគណៈកម្មការមូលបត្រឡាវ។
លោក ស៊ូ សុជាតិ បានថ្លែងថា តាមរយៈការចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរនឹងជួយជ្រុំជ្រែងគ្នា ចែករំលែកចំណេះដឹង និងបទពិសោធគ្នាទៅវិញទៅមក។
លោកបន្តថា ស្របពេលដែលប្រទេសឡាវ ត្រៀមខ្លួនបោះផ្សាយមូលបត្របៃតង ដែលអាចនឹងធ្វើឡើងនៅឆ្នាំនេះ ឬឆ្នាំក្រោយ កម្ពុជានឹងចែករំលែកបទពិសោធន៍ទាក់ទងនឹងការបោះផ្សាយសញ្ញាបណ្ណបៃតង។ ជាមួយគ្នានេះតាមរយៈ MoU នេះដែរ នៅខែតុលាខាងមុខ និយ័តករមូលបត្រកម្ពុជា នឹងធ្វើដំណើរទស្សនកិច្ចសិក្សាមួយទៅប្រទេសឡាវ ដើម្បីសិក្សាពីការបោះផ្សាយសញ្ញាបណ្ណ ដោយឡាវគ្រោងនឹងបោះផ្សាយជាប្រាក់ដុល្លារ ដែលកម្ពុជាត្រូវដកស្រង់បទពិសោធន៍នេះ មកអភិវឌ្ឍន៍វិស័យមូលបត្រនៅកម្ពុជា។
លោកមានជំនឿងថា តាមរយៈជាកិច្ចសហការដ៏ល្អនេះ នឹងជំរុញឱ្យវិស័យហិរញ្ញវត្ថុ រវាងប្រទេសទាំងពីរ មានទំនាក់ទំនងជិតស្និតជាមួយគ្នា ក្នុងគោលដៅពង្រីកទីផ្សារឱ្យកាន់តែធំ និងមានវិនិយោគិនកាន់តែច្រើន ជាពិសេសវិនិយោគិនបរទេស។
លោកបានឱ្យដឹងផងដែរថា កន្លងមកកម្ពុជាក៏បានចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយប្រទេសផ្សេងទៀតដូច ថៃ វៀតណាម និងប្រទេសម៉ាឡេស៊ី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុ ងវិស័យមូលបត្រក្នុងតំបន់ផងដែរ បន្ថែមលើក្របខណ្ឌពហុភាគីផ្សេងទៀត៕