(ភ្នំពេញ)៖ បុរសដែលបានថតវីដេអូ បង្ហោះលើ Facebook រិះគន់ និងរារាំងប្រតិបត្តិការរបស់សមត្ថកិច្ចជំនាញ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្នុងការបង្ក្រាបការជួញដូរគ្រឿងញៀន កាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លូវលេខ ៥០៨ កែង៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានចូលខ្លួនមកបំភ្លឺ និងសូមទោសជាសាធារណៈ។
ជាមួយនឹងការទទួលស្គាល់កំហុងហើយនោះ បុរសដែលលួចថតវីដេអូនេះ បានអំពាវនាវដល់មហាជន សូមកុំយកគំរូតាមខ្លួន ត្រូវទុកលទ្ធភាពឱ្យសមត្ថកិច្ចបំពេញការងារ តាមជំនាញរបស់ខ្លួន ព្រោះសកម្មភាពរបស់យើងអាចប៉ះពាល់ប្រតិបត្តិការបង្ក្រាបបទល្មើសនានា។
សូមជម្រាបថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៣+ក៤) សហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមមានមានការដឹកនាំសម្របសម្រួលពីលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងកែឆ្នៃដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តនៅចំនួន ២ទីតាំង។
ទីតាំងទី១៖ ចំណុចមុខសណ្ឋគារជែឡឹកហ៊យាន ជាន់ទី០៧ បន្ទប់លេខប៊ី៧១១ ផ្លូវលេខ៣៤៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទស្រី ជនជាតិចិន ចាប់យកវត្ថុតាង សារធាតុញៀនទម្ងន់សរុប ១០២ គីឡូក្រាម ៣៥២.២៧ក្រាម និងសារធាតុគីមីផ្សំជិត១០០គីឡូក្រាម ។
ទីតាំងទី២៖ នៅចំណុចតាមផ្លូវលេខ ៥០៨ កែង៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ជនជាតិខ្មែរ។
អំឡុងពេលប្រត្តិបត្តិការ ក៏មានការថតវីដេអូពីសាធារណជនមួយចំនួន មានការបង្ហោះវីដេអូ ផ្សព្វផ្សាយជាសាធារណៈ ពីសកម្មភាពប្រត្តិបត្តិការភ្លាមៗ បានធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រត្តិបត្តិការបង្ក្រាប ដែលបែកការដល់មេក្លោង បានដឹងខ្លួនរត់គេចខ្លួនបាត់។
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមសំណូមពរដល់សារធារណជន និងសារព័ត៌មានមួយចំនួន សុំអនុញ្ញាតពីអង្គភាពជំនាញផ្ទាល់ មុនធ្វើការចុះផ្សាយតាមបណ្តាញសង្គម និងប្រើប្រាស់ខ្លឹមសារ ឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈសារព័ត៌មាន។
ជាមួយនឹងការប្តេជ្ញា ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យអស់ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានខិតខំបំពេញការងារទាំងយប់ ទាំងថ្ងៃ ទោះមានភ្លៀងខ្យល់ក្តី ដូច្នេះសូមសាធារណជន និងសារព័ត៌មានមួយចំនួន គិតគូរឱ្យច្បាស់លាស់ និងស្វែងរកការពិតជាមុនសិន មុននឹងចុះផ្សាយព័ត៌មាន ក្នុងបណ្តាញសង្គមផ្សេង ដើម្បីកុំឱ្យប៉ះពាល់ដល់កិត្តិយសកម្លាំងសមត្ថកិច្ច ដែលខិតខំបំពេញការងារ។
ជាមួយគ្នានេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សូមថ្លែងអំណរគុណ ចំពោះសាធារណជន ដែលបានចូលរួមកែលំអរដល់កងកម្លាំង និងសហការផ្ដល់ព័ត៌មាន រួមគ្នាប្រឆាំងបទល្មើសគ្រឿងញៀន ដែលនេះជាស្មារតីដ៏ប្រពៃ ក្នុងការអនុវត្តន៍ទិសស្លោក «៣កុំ ១រាយការណ៍»៕