(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងលោក ប៊ូយ ង៉ុកឡាម អគ្គអធិការរងនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម បានជួបពិភាក្សាទ្វេភាគី រវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាមួយនឹងអធិការកិច្ចរាជរដ្ឋាភិបាលនៃសាធារណរដ្ឋសង្កមនិយមវៀតណាម នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។

ថ្លែងក្នុឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូអធិការកិច្ច នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា នាពេលនេះ ស្របពេលដែលកម្ពុជាទើបតែបញ្ចប់នូវព្រឹត្តិការណ៍បោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧ ដែលក្នុងនោះគណបក្សប្រជាជនកម្ពុជាបានទទួលបានការគាំទ្រយ៉ាងលើសលប់ ដោយទទួលបាន១២០អាសនៈ លើ១២៥អាសនៈ នៅក្នុងរដ្ឋសភា។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអបអរសារទរយ៉ាងកក់ក្តៅនូវសមិទ្ធផល និងជោគជ័យដ៏ធំធេងរបស់រដ្ឋាភិបាលវៀតណាម ក្រោមការដឹកនាំរបស់បក្សកុំម្មុយនិស្តវៀតណាម ក្រោមការដឹកនាំរបស់លោក ង្វៀន ហ៊្វូចុង ដែលធ្វើឱ្យប្រទេសវៀតណាម មានការអភិវឌ្ឍលើគ្រប់វិស័យយ៉ាងខ្លាំងក្លា ក្លាយជាប្រទេសឧស្សាហ៍កម្មជឿនលឿន និងមានកិត្យានុភាពកាន់តែខ្ពស់នៅលើឆាកអន្តរជាតិ។

នៅក្នុងជំនួបពិភាក្សានោះផងដែរ ភាគីទាំងពីរក៏បានជំរុញអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមអនុសារណៈយោគយល់រវាងស្ថាប័នយើងទាំងពីរ និងបន្តដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមកលើការងារអធិការកិច្ច ការដោះស្រាយបណ្ដឹងតវ៉ា បណ្ដឹងបរិហារ និងការបង្ការទប់ស្កាត់អំពើ ពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនៃអំណាចសាធារណៈ សំដៅឈានទៅលុបបំបាត់នូវអំពើពុករលួយ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានលើកឡើងអំពីប្រវត្ដិសហប្រតិបត្ដិការរវាងស្ថាប័នអធិការកិច្ចនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។ ស្ថាប័នអធិការកិច្ចនៃប្រទេសទាំងពីរ បានចុះ MOU លើកទី១ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០០៥ លើកទី២ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១២ លើកទី៣ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ និងលើកទី៣ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣៕