(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា ទីភ្នាក់ងារជាតិឧតុនិយមជប៉ុន បានចេញសេចក្តីព្រមានអំពីព្យុះត្រូពិចខាន់ណុន (Khanun) ដែលកំពុងរំកិលខ្លួន មកកាន់ទិសខាងជើង ហើយអាចបង្កផលប៉ះពាល់ដល់ផ្នែកនិរតីនៃប្រទេសជប៉ុន ជាពិសេសតំបន់ Kyushu និងតំបន់ Shikoku។
ឥទ្ធិពលព្យុះនេះ បានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខ្លះនៃតំបន់ Kyushu និង Shikoku ហើយនឹងអាចបណ្តាលឱ្យមានភ្លៀងធ្លាក់នៅផ្នែកជាប់មហាសមុទ្រប៉ាស៊ីហ្វិកផងដែរ។
អាជ្ញាធរបានចេញ សេចក្តីព្រមានពាក់ព័ន្ធនឹងការរអិលបាក់ដី ទឹកជំនន់ ខ្យល់កន្ត្រាក់ និងទឹករលកខ្ពស់ៗ។
ស្ថានទូតបានអំពាវនាវដល់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ ហើយតាមដាន និងស្តាប់តាមការណែនាំរបស់អាជ្ញាធរ ។ ក្នុងករណីបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរយើងដែល រងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ ០៨០ ៤៦៨៩ ៩៣៧៤។ សូមជូនពរបងប្អូនទាំងអស់គ្នាជួបសុខសុវត្ថិភាព រួចផុតពីគ្រោះធម្មជាតិ និងចៀសផុតពីជំងឺឆ្លងនានា៕