(កណ្ដាល)៖ រដ្ឋបាលជលផល បានបញ្ជាក់ឲ្យដឹងថា នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៥៖៣០នាទីព្រឹក មានកូនផ្សោតញី១ក្បាល ប្រវែង១.០១ម៉ែត ទម្ងន់១៤.៤គីឡូក្រាម អាយុប្រមាណ២ខែ បានស្លាប់ដោយជាប់មង នៅភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។
តាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២២ សត្វផ្សោតមានចំនួន៩០ក្បាល រស់នៅក្នុងទន្លេមេគង្គខេត្តក្រចេះ និងស្ទឹងត្រែង នៃតំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ដែលមានប្រវែង១៨០គីឡូម៉ែត្រ។
សេចក្ដីប្រកាសព័ត៌មាន បានបន្ថែមទៀតថា ចាប់ពីដើមឆ្នាំ២០២៣ មកទល់បច្ចុប្បន្នសត្វផ្សោតកើតថ្មីមានចំនួន៥ក្បាល និងមានស្លាប់៣ក្បាល នាំឱ្យចំនួនសត្វផ្សោតសរុបមានចំនួន៩២ក្បាល។
សូមជម្រាបថា នៅរដូវទឹកដំឡើង សត្វផ្សោតតែងតែបន្លាស់ទីចេញពីអន្លង់ដើម្បីតាមហ្វូងត្រីដែលជាចំណី។ តាមការស្រាវជ្រាវលក្ខណៈជីវសាស្ត្រ កូនផ្សោតរស់នៅជាមួយមេ និងបៅដោះរយៈពេលប្រមាណ១ឆ្នាំ។
ហេតុដូច្នេះ កូនផ្សោតដែលប្រទះឃើញស្លាប់នេះ ទំនងជាបានផ្លាស់ទីតាមមេរបស់វា ឬជាមួយផ្សោតផ្សេងទៀត ពីទន្លេមេគង្គលើ ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងស្ទឹងត្រែង មកដល់ខេត្តកណ្តាល ហើយត្រូវជាប់មងស្លាប់។
រដ្ឋបាលជលផល សូមអំពាវនាវដល់បងប្អូនអ្នកនេសាទនៅតាមដងទន្លេ មេត្តាជួយឃ្លាំមើល និងចូលរួមថែ រក្សាការពារសត្វផ្សោត ដែលជារតនៈសម្បត្តិធម្មជាតិមានជីវិតដ៏ពិសិដ្ឋរបស់កម្ពុជានិងពិភពលោក។
ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទតាមដងទន្លេ ប្រទះឃើញវត្តមានសត្វផ្សោត សូមផ្ដល់ព័ត៌មានដល់សមត្ថកិច្ច ហើយប្រសិនបើមានសត្វផ្សោតជាប់មង ត្រូវជួយអន្តរាគមន៍ដោះលែងជាបន្ទាន់ និងផ្តល់ព័ត៌មានដល់មន្ត្រី ជំនាញជលផលដែលនៅជិត ឬតាមទូរស័ព្ទ ០១៧ ៨១៨៣៨២, ០៩៩ ៧៩១៩១៩ និង ០១២ ៨៩៧៩៤៣៕