(ភ្នំពេញ)៖ ក្នុងសារសំឡេងពិសេសឆ្លើយតបនឹងការផ្សាយរបស់វិទ្យុអាស៊ីសេរីនៅយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានទម្លាយឱ្យដឹងថា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ឌិត មន្ទី ប្រធានតុលាការកំពូល សុទ្ធតែបានដាពាក្យសុំចូលនិវត្តន៍ពីតួនាទី ព្រោះតែវ័យច្រើន។
ក្រៅតែពីសម្តេច សាយ ឈុំ និងលោក ឌិត មន្ទី ហើយនោះ សម្តេចតេជោ ក៏បានប្រកាសឱ្យដឹងផងដែរថា អនុប្រធានព្រឹទ្ធសភាទី១ លោក សឹម កា និងលោកស្រីកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានព្រឹទ្ធសភា ព្រមទាំងសមាជិកព្រឹទ្ធសភាមានវ័យចំណាស់មួយចំនួនទៀត ក៏បានដាក់ពាក្យលាឈប់ពីការងារផងដែរ។
ក្រៅតែពីទម្លាយនូវការលាឈប់ពីតួនាទីរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជននេះទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានទម្លាយពីសមាសភាពថ្នាក់ដឹកនាំរដ្ឋសភាសម្រាប់នីតិកាលទី៧ផងដែរ។ ក្នុងនោះលោកស្រី ឃួន សុដារី នឹងត្រូវតែងតាំងជាប្រធានរដ្ឋសភា លោក ជាម យៀប តែងតាំងជាអនុប្រធានទី១រដ្ឋសភា ហើយលោក វង សូត តែងតាំងជាអនុប្រធានទី២ រដ្ឋសភា។
ការទម្លាយនូវព័ត៌មាននេះ គឺសម្តេចតេជោ ហ៊ុន សែន ចង់បង្ហាញទៅកាន់វិទ្យុអាស៊ីសេរី នូវភាពស្រុះស្រួលក្នុងរង្វង់ថ្នាក់ដឹកនាំរបស់បក្សប្រជាជនកម្ពុជា ហើយមិនមានទម្លាប់ឈ្លោះគ្នាដណ្តើមតំណែង និងអំណាច ដូចការផ្សាយរបស់វិទ្យុបម្រើបរទេសមួយនេះឡើយ៕
(សម្តេច សាយ ឈុំ)
លោក ឌិត មន្ទី