(ភ្នំពេញ)៖ នៅយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសារពិសេសមួយឆ្លើយតបទៅនឹងការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលព្យាយាមញុះញង់ថា ថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជាមានការបែកបាក់គ្នា។
ការឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីសម្តេចបានឃើញការផ្សាយរបស់វិទ្យុអាស៊ីសេរីដោយចៃដន្យលើយូធូប។ បើតាមសម្តេចតេជោ ក្នុងការផ្សាយនោះ វិទ្យុអាស៊ីសេរី បានលើកឡើងពីការមិនឃើញសារគាំទ្ររបស់សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចំពោះការចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការផ្សាយនេះ គឺជាចេតនាក្នុងការវាយប្រហារទៅលើផ្ទៃក្នុងបក្សប្រជាជនកម្ពុជា បើទោះបីពួកគេដឹងថា ការវាយប្រហារនោះគ្មានប្រយោជន៍ក៏ដោយនោះ។
សម្តេចតេជោ មិនបកស្រាយច្រើនលើការផ្សាយនេះឡើយ ដោយសម្តេចឱ្យថ្នាក់ដឹកនាំវិទ្យុអាស៊ីសេរីផ្សាយជាខេមរភាសា រង់ចាំមើលជំនួបមួយរវាងគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ជាមួយសមាជិករាជរដ្ឋាភិបាលអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់បែបនេះ «សូមវិទ្យុអាស៊ីសេរីកុំភ្លើពេក កុំល្ងង់ពេក កុំឆ្កឹះឆ្កៀលខ្លាំងពេក។ [...] ខ្ញុំសុំឱ្យអស់លោកវិទ្យុអាស៊ីសេរី ក៏ដូចជាវិទ្យុបរទេសនិយាយភាសាខ្មែរដទៃទៀត ចងចាំឱ្យបានថា គណបក្សប្រជាជនគ្មានទម្លាប់ឈ្លោះគ្នា ដណ្តើមអំណាចគ្នា ដូចពួកអស់លោកធ្លាប់បាន និងកំពុងបាន ហើយនឹងឈានទៅដួលរលំ ដោយសារតែជម្លោះផ្ទៃក្នុង»។
សម្តេចតេជោ បន្តថា «អស់លោកមិនបាច់មកញុះញង់អំពីទំនាក់ទំនងផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជានោះទេ។ អស់លោកបើកភ្នែកឱ្យធំៗ ដើម្បីសង្កេតមើលគណបក្សប្រជាជនកម្ពុជា»។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យជឿលើការផ្សាយញុះញង់របស់វិទ្យុអាស៊ីសេរី។ បើទោះបីជាយ៉ាងណាសម្តេចតេជោ មិនទាមទារឱ្យវិទ្យុបម្រើបរទេសមួយនេះ ឈប់ផ្សាយបែបញុះញង់នោះឡើយ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ការផ្សាយបែបញុះញង់របស់ពួកគេនេះហើយ ជាចំណែកធ្វើឱ្យរាជរដ្ឋាភិបាលមានប្រជាប្រិយភាព ហើយក៏ជាការបង្ហាញនូវអរគុណធម៌ ក៏ដូចជាភាពតិរិច្ឆាន របស់ថ្នាក់ដឹកនាំវិទ្យុអាស៊ីសេរីផងដែរ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖ https://t.me/freshnewsasia/147928