(បាងកក)៖ ប្រសិនបើអ្នកជំនាញទំនាក់ទំនងអន្តរជាតិ និងបញ្ញវន្តមានបំណងសិក្សាពីដំណើរការការទូតនៃរដ្ឋដ៏តូចមួយ ក្នុងបរិបទនៃការប្រែប្រួល ភូមិសាស្ត្រនយោបាយ នោះពួកគេគួរតែយកកម្ពុជាមកធ្វើជាករណីសិក្សា។ ជាមួយនាយករដ្ឋមន្ត្រីថ្មី គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នត្រូវបានតែងតាំង ជាផ្លូវការ វានៅមានសំណួរមួយដ៏សំខាន់ គឺថាតើលោកបណ្ឌិត ហ៊ុន ម៉ាណែត អាចមានសមត្ថភាពអាចរក្សាបាននូវគោលនយោបាយពហុប៉ូលនៃឪពុករបស់លោក បានដែរ ឬក៏យ៉ាងណា?

ទោះបីគឺជាប្រទេសចុងក្រោយគេបំផុតដែលបានចូលរួមក្នុងសមាគមអាស៊ានក៏ពិតមែន ប៉ុន្តែកម្ពុជាបានដើរតួនាទីដ៍សំខាន់ ជាពិសេសនៅពេលនិយាយដល់ «ហ្គេមភូមិសាស្ត្រនយោបាយ» ដែលសម្ដេចតេជោ ហ៊ុន សែនបានលេងហ្គេមនេះយ៉ាងប៉ិនប្រសប់។ បើតាមអ្នកជំនាញខាងកិច្ចការអាស៊ី គោលនយោបាយការបរទេស របស់កម្ពុជាត្រូវបានបង្កើតឡើងដោយយោងទៅលើទស្សនៈយល់ឃើញពីសកលលោករបស់សម្ដេចតេជោ​ ហ៊ុន សែន ដែលមិនស្ថិតនៅក្រោមឥទ្ធិពលរបស់មហាអំណាច ណាមួយមិនថាសហរដ្ឋអាមេរិក ឬចិននោះទេ ហើយក៏មិនត្រូវបានរឹតត្បិតក្នុងការប្រកួតប្រជែងរវាងពួកកំពូលមហាអំណាចនោះដែរ។

ក្នុងនាមជាប្រទេសតូចមួយ និងកំពុងអភិវឌ្ឍន៍ កម្ពុជាព្រមទាំងសមាជិកដទៃទៀតនៃក្រុមប្រទេសស្ថិតនៅភាគខាងត្​បូងនៃពិភពលោក (Global South) នឹងទទួល បានផលចំណេញពីគ្រប់ទិសពីការទំនាក់ទំនងការទូត និងការចូលរួមក្នុងប្រព័ន្ធពហុប៉ូល។ នៅក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាបានផ្លាស់ប្ដូរ ទំនាក់ទំនងជាពួកមហាអំណាចជាច្រើនដង ក្នុងគោលបំណងការពារផលប្រយោជន៍ជាតិ។

នៅក្នុងចំណោមមេដឹកនាំអាស៊ានទាំងអស់ សម្ដេចតេជោ ហ៊ុន សែន ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជា «មនុស្សមាត់ឆៅចូលចិត្តនិយាយត្រង់ផាំងៗ»។ ការសម្រេចចិត្ត របស់លោក ដើម្បីអនុម័តលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិថ្កោលទោសសង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន មិនត្រឹមតែធ្វើឱ្យបណ្ដាប្រទេសជា សមាជិកអាស៊ានគ្នាឯង និងសហគមន៍អន្តរជាតិភ្ញាក់ផ្អើលនោះទេ សូម្បីតែរុស្ស៉ីដែលកាលពីមុនជាអតីតសហភាពសូវៀត និងដែលបានផ្ដល់ជំនួយដល់កម្ពុជា កាលពី អតីតកាល ក៏មានការភ្ញាក់ផ្អើលផងដែរ។ ប៉ុន្តែសម្រាប់អ្នកដែលស្គាល់សម្ដេចតេជោ ហ៊ុន សែន ពួកគេប្រាកដជាដឹងថារាល់ការសម្រេចចិត្តផ្នែកការទូតរបស់លោកគឺមានភាព បត់បែន និងដើម្បីការពារផលប្រយោជន៍ជាតិ ដែលនេះគឺជាមូលហេតុដែលធ្វើឱ្យគេពិបាកក្នុងការវាស់ស្ទង់ថាតើលោកនឹងធ្វើអ្វីទៀតនៅពេលបន្ទាប់?

តែទោះជាបែបនេះក្ដី បើសម្លឹងឆ្ពោះទៅមុខ គោលនយោបាយការបរទេសរបស់កម្ពុជានឹងបន្តផ្តោតទៅលើបណ្ដាប្រទេសដែលអាចមានឥទ្ធិពលលើសេដ្ឋកិច្ច នយោបាយ និងសន្តិសុខរបស់កម្ពុជា តួយ៉ាងដូចជាចិន និងវៀតណាមជាដើម។ ប្រទេសទាំង២នេះនៅតែបន្តមានឥទ្ធិពលលើជំហរការទូតរបស់កម្ពុជាទាំងកាលពីអតីតកាល និងក្នុង ពេលបច្ចុប្បន្ន ដោយសារតែកត្តាភូមិសាស្ត្រ និងនយោយា។ ទាំងទីក្រុងប៉េកាំង និងទីក្រុងហាណូយសុទ្ធតែមើលឃើញកម្ពុជាជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់។

នៅក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាបានគ្រប់គ្រងទំនាក់ទំនងប្រកបដោយតុល្យភាពជាមួយចិន និងវៀតណាម។ កូនប្រុសរបស់លោកគឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានគេរំពឹងថានឹងបន្តមរតករបស់លោក ហើយកសាងទំនាក់ទំនងថ្មីជាមួយបណ្ដាប្រទេសលោកខាងលិច ជាពិសេសគឺ ជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប។ ចំណែក ប្រទេសថៃវិញ នឹងក្លាយជាអាទិភាពទី៣របស់កម្ពុជា បន្ទាប់ពីចិន និងវៀតណាម ដោយសារតែប្រទេសទាំង២ មានទំនាក់ទំនងវប្បធម៌យូរអង្វែង និងជា ប្រវត្តិសាស្ត្រនឹងគ្នា។ កាលពី៩ឆ្នាំមុន គេអាចចាត់ទុកបានថាជាយុគសម័យមាសរវាងកម្ពុជា និងថៃ ដោយសារតែមិនមានជម្លោះព្រំដែន និងជម្លោះការទូតកើតឡើង។

បន្ថែមពីលើនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត មានមិត្តភក្តិជាច្រើននៅក្នុងប្រទេសថៃ ហើយក្នុងនោះមានអ្នកខ្លះថែមទាំងមានឥទ្ធិពលធំលើឆាកនយោបាយថៃផងដែរ។ នៅក្រោម ការដឹកនាំរបស់សមេ្ដចតេជោ ហ៊ុន សែន កម្ពុជាបានប្រើប្រាស់ប្លុកក្នុងតំបន់ជាខែលយ៉ាងមានប្រសិទ្ធភាព ក្នុងការការពារប្រទេសពីការសម្លុតគំរាមពីសំណាក់ប្រទេសអ្នកមាន និងប្រទេសអមិត្តមួយចំនួន ស្របពេលលើកកម្ពស់អធិបតេយ្យរបស់កម្ពុជា។ ទំនោរបែបនេះនឹងបន្តតទៅទៀតនៅក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែល ត្រូវបានគេរំពឹងថានឹងពង្រឹងតួនាទីរបស់កម្ពុជានៅលើឆាកអាស៊ាន តួយ៉ាងនៅក្នុងវិស័យសន្តិសុខ និងការទូតសេដ្ឋកិច្ច។

កម្ពុជាដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញចំណាប់អារម្មណ៍លើបញ្ហាសកលជាច្រើនដែលមានជាប់ពាក់ព័ន្ធនឹងសន្តិភាព ក៏ដូចជាសន្តិសុខ និងភាពក្រីក្រ ព្រមទាំង កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន។ ខណៈទទួលបានផលចំណេញពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយដឹកនាំដោយអាស៊ាន កម្ពុជាក៏បាន ធ្វើពិពិធកម្មផងដែរលើប្រភពនៃពាណិជ្ជកម្ម និងការវិនិយោគ។

នៅពេលនិយាយដល់សន្តិសុខ កម្ពុជាមានភាពប្រាកដប្រជាថាអាស៊ានមិនត្រូវស្ថិតនៅក្រោមអនុត្តរភាពនៃប្រទេសមហាអំណាចណាមួយឡើយ។ លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងបន្តអនុវត្តតាមយុទ្ធសាស្ត្រឪពុករបស់លោកដើម្បីកាត់បន្ថយហានិភ័យ ឬការខាតបង់ នៅក្នុងទំនាក់ទំនងជាមួយពួកមហាអំណាច ប្រសិនបើផលប្រយោជន៍ប្រទេសជាតិ ស្ថិតនៅចំពោះមុខការខាតបង់។ ជាការពិតណាស់ បញ្ហាប្រឈមនៅចំពោះមុខសម្រាប់លោកបណ្ឌិត ហ៊ុន ម៉ាណែត នោះគឺទំនាក់ទំនងជាបណ្ដាប្រទេសលោកខាងលិច ជាពិសេស គឺជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុបតែម្ដង។

លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាបញ្ញវន្តម្នាក់ដែលទទួលបានការអប់រំពីលោកខាងលិច ដែលនេះមានន័យថាយ៉ាងហោចណាស់ ដំបូងដៃលោកខាងលិចអាចនឹងមានទស្សនៈ យល់ឃើញចំពោះលោកខុសពីឪពុក។ ប៉ុន្តែ គេក៏ត្រូវរងចាំមើលសកម្មភាពជាក់ស្ដែងសិនដែរ។ លោកបណ្ឌិត ហ៊ុន ម៉ាណែត អាចនឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងញូវយ៉ក ដើម្បីចូលរួមក្នុងកិច្ចប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅខែកញ្ញាខាងមុខ ហើយនេះអាចនឹងក្លាយជាឱកាសមួយដើម្បីឱ្យលោកណែនាំខ្លួនបន្ថែមទៅកាន់ សហគមន៍អន្តរជាតិ និងបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះសន្តិភាពសកល ស្ថិរភាព និងឆន្ទៈចូលរួមចំណែកដោះស្រាយបញ្ហាសកល។

ខណៈស្ថិតនៅក្នុងទីក្រុងញូវយ៉ក លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏អាចនឹងមានកិច្ចប្រជុំទ្វេភាគីជាមួយសមាជិកអង្គការសហប្រជាជាតិមកពីប្រទេសលោកខាងលិច ហើយនេះនឹងផ្ដល់ ឱកាសបង្ហាញបុគ្គលិកលក្ខណៈរបស់លោកផងដែរ។ សម្ដេចតេជោ ហ៊ុន សែន ប្រៀបដូចជា «ពីឡុតដ៏ចំណានម្នាក់» ដែលដឹងច្បាស់ពីពេលវេលាត្រូវចាកចេញពីកៅអីអង្គុយ។ រីឯ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលកាន់តំណែងក្នុងពេលវេលាមួយដ៏ត្រឹមត្រូវ ដោយមានឪពុកនៅតែបន្តជ្រោមជ្រែងពីខាងក្រោយ សំដៅធានាឱ្យបានថាកម្ពុជានឹងបន្តស្ថិតនៅលើ រ៉ាដាទាញយកប្រយោជន៍សម្រាប់ជាតិ ជាមួយយុទ្ធសាស្ត្រស្វ័យភាព៕