(ភ្នំពេញ)៖ លោក ម៉ៃ ហុងសៀង តំណាងឱ្យអតីតសមាជិកគណៈកម្មាធិការនាយក ថ្នាក់ដឹកនាំក្រុមការងារ គណៈកម្មការប្រតិបត្តិគណបក្សភ្លើងទៀន បានសម្តែងការសាទរចំពោះការត្រាស់បង្គាប់ចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងប្រោសព្រះរាជទានគោរម្យងារជា «កិត្តិទេសាភិបាលបណ្ឌិត»។
លោក ម៉ៃ ហុងសៀង ក៏ដូចជាក្រុមការងារបង្ហាញការយល់ឃើញថា ការទទួលបាននូវតួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តម ក៏ដូចជាគោរម្យងារដ៏ខ្ពង់ខ្ពស់នេះ គឺពិតជាស័ក្តិសមជាទីបំផុតចំពោះឯកឧត្តមបណ្ឌិត ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ តាមរយៈជោគជ័យនៃការបោះឆ្នោតជាតិជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កន្លងទៅថ្មីៗនេះ។ នេះជាសក្ខីភាពមួយ ឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈដ៏មោះមុតរបស់ ឯកឧត្ដមបណ្ឌិត ដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។
ទន្ទឹមនឹងការសាទរហើយនោះ លោក ម៉ៃ ហុងសៀង ក៏បានសម្តែងការជឿជាក់ចំពោះការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរថា នឹងធ្វើឱ្យជាតិបន្តរក្សាបានសុខសន្តិភាព និងការរុងរឿង។
អតីតអ្នកប្រឆាំងរូបនេះ បានគូសរំលេចបែបនេះ «ជាទំព័រប្រវត្តិសាស្ត្រថ្មី លើទឹកដីចាស់ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត យើងខ្ញុំជឿជាក់ថា កម្ពុជានឹងបន្តទទួលបានសន្តិភាពជានិរន្ត ស្ថិរភាពនយោបាយ ឯកភាពទឹកដី ការបង្រួបបង្រួមជាតិ ប្រជាពលរដ្ឋរស់ដោយសុភមង្គល ដែលនឹងនាំឱ្យមាន ការអភិវឌ្ឍកាន់តែខ្លាំងក្លាឆ្ពោះទៅមុខ និងបន្តលើកកំពស់កិត្យានុភាពជាតិ ឧត្តមភាពនៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាស របស់ ឯកឧត្តមបណ្ឌិត កាន់តែល្បីល្បាញក្នុងតំបន់ និងទូទាំងសកលលោក»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ ព្រះមហាក្សត្រខ្មែរ ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាត់ចាត់តាំងជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
ការត្រាស់បង្គាប់នេះ ដើម្បីផ្តល់លទ្ធភាពជូនដល់ឯកឧត្តមបណ្ឌិត ក្នុងការជ្រើសរើសសមាសភាពក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល សុំសេចក្តីទុកចិត្តពីរដ្ឋសភានាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
ក្រៅតែពីទទួលបានការត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រីហើយនោះ នៅថ្ងៃទី៨ ខែសីហា ព្រះមហាក្សត្រក៏បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសពិសេសនៃរាជបណ្ឌិត្យសភាកម្ពុជា «កិត្តិទេសាភិបាលបណ្ឌិត» ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ។
ការត្រាស់បង្គាប់ចាត់តាំង និងផ្តល់គោរម្យងារខាងលើនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរ ជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៕