Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរខេត្តកែប ដកហូតដីព្រៃលិចទឹក និងព្រៃកោងកាងប្រមាណ ១៤២ហិកតា ដាក់ជាសម្បត្តិសាធារណៈរបស់រដ្ឋ

04-08-2016 14:18

(កែប)៖ លោក កែន សត្ថា អភិបាលខេត្តកែប បានលើកឡើងថា ដីព្រៃលិចទឹក និងដីព្រៃកោងកាងប្រមាណ១៤២ហិកតា នៅក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវដកហូតពីអ្នកកាន់កាប់ដោយខុសច្បាប់ យកមកដាក់ជាសម្បត្តិសាធារណៈរបស់រដ្ឋវិញ ដោយយោងតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះ។

ការលើកឡើងរបស់ លោក កែន សត្ថា នេះធ្វើឡើងក្នុងពិធីលែងកូនត្រី ប្រមាណ៣ម៉ឺនក្បាល និងមេត្រីពូជ២០គីឡូក្រាម នៃទិវាមច្ឆជាតិ ១កក្កដា នៅទំនប់អាងទឹកអូរថ្ម នៅព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលមានមនុស្សចូលរួមក្នុងពិធី យ៉ាងច្រើនកុះករផងដែរ។ បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏បានស្នើឲ្យ ប្រជាពលរដ្ឋ​គ្រប់មជ្ឈដ្ឋានទាំងអស់ ជួយអភិរក្ស ការពារដីព្រៃដែលដកហូតខាងលើ និងព្រៃពាក់ព័ន្ធដ៏ទៃទៀត ឲ្យនៅគង់វង្ស ស្រស់បំព្រង សម្រាប់ជាតំណរកូនចៅជំនាន់ក្រោយ បានឃើញ និងស្គាល់ផងដែរ ជាពិសេសជំនាញរដ្ឋបាលជលផល ដែលមានកាត្វកិច្ច ថែរក្សា និងការពារលើដីព្រៃដែលមានការពាក់ព័ន្ធទាំងអស់នោះ៕