(ហ្សាការតា-ឥណ្ឌូនេស៉ី)៖ នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន នាក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ ប្រធានគណៈកម្មាធិការគោលនយោបាយការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរសភា នៃសភាអ៊ុយក្រែន។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីវិស័យនានាដែលអាស៊ាន និងអ៊ុយក្រែនអាចសហការគ្នាបាន ព្រមទាំងបញ្ហាមួយចំនួនផ្សេងទៀតដែលជាការចាប់អារម្មណ៍រួម។
នារសៀលថ្ងៃដដែលនេះ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាអឺរ៉ុប សម្រាប់ទំនាក់ទំនងជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ និងអាស៊ាន (DASE)។
នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានលើកឡើងអំពីតម្រូវការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប តាមរយៈការអនុវត្តផែនការសកម្មភាពអាស៊ាន-សហភាពអឺរ៉ុបឆ្នាំ២០២៣-២០២៧ និងតាមរយៈវិស័យកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលនានាជាដើម។ នៅក្នុងជំនួបនោះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ។
បន្ថែមពីនេះ លោកអគ្គលេខាធិការអាស៊ាន បានទទួលអនុញ្ញាតឲ្យលោក Igor Driesmans ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិ នៃសហភាពអឺរ៉ុបប្រចាំអាស៊ាន ចូលជួបពិភាក្សាការងារ និងជម្រាបលា។
ភាគីទាំងពីរបានទទួលស្គាល់ពីវឌ្ឍនភាពសម្រេចបាន នៅក្នុងទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ហើយនឹងបន្តខិតខំបន្ថែមទៀត ដើម្បីឲ្យប្រជាជននៃតំបន់ទាំងពីរអាចទទួលបានផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការប្រកបដោយអត្ថន័យនេះ។ សូមបញ្ជាក់ថា លោក Igor Driesmans នឹងត្រូវទៅបំពេញតួនាទីជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នាពេលខាងមុខនេះ៕