(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានចេញសេចក្ដីជូនដំណឹង ពីការជ្រើសរើសមន្ត្រីផ្នែកច្បាប់ដែលជាមន្ត្រីជាប់កិច្ចសន្យា ចំនួន៣០នាក់ មកប្រើការងារនៅទីស្តីការក្រសួងយុត្តិធម៌ សម្រាប់ឆ្នាំ២០២៣។
ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះ ក្រសួងបានបញ្ជាក់ថា បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ញាតិខ្មែរ និងមានសុខភាពល្អ បេក្ខជនត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្ររងឡើង និងមានជំនាញលើផ្នែករដ្ឋប្បវេណី ឬ ផ្នែកព្រហ្មទណ្ឌ ឬផ្នែកទំនាក់ទំនងអន្តរជាតិ ការជ្រើសរើសត្រូវធ្វើតាមការប្រឡងដែលកំណត់ដោយក្រសួងយុត្តិធម៌។
ការទទួលពាក្យ និងទីកន្លែងដាក់ពាក្យសុំចូលបម្រើការងារបេក្ខជនអាចទាញយកគំរូពាក្យស្នើសុំចូលបម្រើការងារតាមរយៈ QR Code នៅផ្នែកខាងក្រោម នៃលិខិត
សូមបេក្ខជនយកពាក្យស្នើសុំមកដាក់នៅនាយកដ្ឋានកិច្ចការបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន នៅទីស្តីការក្រសួងយុត្តិធម៌ដែលមានអាសយដ្ឋាននៅលើមហាវិធីសម្ដេចសុធារស ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ការទទួលពាក្យចាប់ផ្ដើមពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៧៖០០នាទី៕