(ភ្នំពេញ)៖ គម្រោងព្រែកជីកហ្វូណន-តេជោ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែត គឺគម្រោងផ្នែកដឹកជញ្ជូនដ៏សំខាន់ចំនួនពីរ ត្រូវបានរាជរដ្ឋាភិបាលនីតិកាលទី៦ របស់សម្តេចតេជោ ហ៊ុន សែន មានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជាសេនាធិការដ៏ចំណាននោះ បានប្រឹងប្រែងសិក្សា និងជំរុញឱ្យមានវឌ្ឍនភាពទៅមុខជាបន្តបន្ទាប់។
បើទោះបីជាយ៉ាងណាការងាររបស់រាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ត្រូវបានបិទបញ្ចប់ ហើយគម្រោងទាំងពីរក៏មិនទាន់ឈានដល់ការបើកការដ្ឋានសាងសង់នោះដែរ។ បន្ថែមពីលើនោះរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលនឹងចាប់ផ្តើមពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣តទៅ នឹងមានការធ្វើកំណែទម្រង់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ដោយប្តូរទាំងនាយករដ្ឋមន្ត្រី ហើយក៏ប្តូរទាំងរដ្ឋមន្ត្រីកាន់ការងារនៅក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។
ប្រជាពលរដ្ឋខ្មែរបានសាទរយ៉ាងខ្លាំងចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ និងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែត ហើយក៏ចង់ឃើញគម្រោងទាំងពីរនេះលេចចេញជារូបរៀងរាងផងដែរ។ ការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីដែលជាអ្នកជំរុញ និងកាន់ការងារផ្ទាល់លើគម្រោងទាំងពីរសម្រាប់អាណត្តិថ្មី នាំឱ្យប្រជាពលរដ្ឋមួយចំនួនចង់ដឹងថា តើគម្រោងទាំងពីរនេះ នៅតែបន្តដំណើរការ ឬយ៉ាងណាសម្រាប់អាណត្តិថ្មីនេះ?
ក្នុងបទសម្ភាសន៍មួយជាមួយអ្នកព័ត៌មានពេលចុះពិនិត្យផ្លូវបាក់ស្រុតនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា គម្រោងទាំងពីរខាងលើជាគម្រោងរបស់ជាតិ ហើយនៅតែជានយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ដូច្នេះរាជរដ្ឋាភិបាលអាណត្តិថ្មី នៅតែបន្តលើគម្រោងដ៏មានសារៈសំខាន់ទាំងពីរខាងលើនេះ។
គម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងតភ្ជាប់ការដឹកជញ្ជូនផ្លូវទឹកពីទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ត្រូវបានសិក្សា និងដឹកឆ្លងការត្រួតពិនិត្យរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។
គម្រោងព្រែកជីកហ្វូណន-តេជោ ធ្វើឡើងដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គមឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត និងផ្តល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈមនិងឧបសគ្គនានានៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកដែលយើងបាននិងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។
តាមការសិក្សា បានបង្ហាញថា ផ្លូវទឹកព្រែកជីកហ្វូណន-តេជោ មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក។
ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។
គម្រោងនេះ នឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន ៣កន្លែង, សាងសង់ស្ពានចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ, និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀតផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារអាម៉េរិក និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនរួមមាន៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។
ដោយឡែកផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែត បានឈានដល់ការចុះកិច្ចព្រមព្រៀងរវាងក្រសួងសាធារណការណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។
គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅសៀមរាប និងពីសៀមរាប ទៅប៉ោយប៉ែតនេះ មានប្រវែងសរុបប្រមាណ ៤០០គីឡូម៉ែត្រនេះ គ្រោងចំណាយថវិកាប្រមាណ ៤ពាន់លានដុល្លារអាមេរិក។
គម្រោងផ្លូវល្បឿនលឿនទី៣នេះ នឹងត្រូវឆ្លងកាត់រាជធានីខេត្តចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល ខេត្ដកំពង់ចាម ខេត្ដកំពង់ធំ ខេត្ដសៀមរាប និងបន្ទាយមានជ័យ៕