(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្រ្តីរាជការ មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីកសិកម្ម មន្ត្រីបរិស្ថាន អភិបាលក្រុងសិរីសោភ័ណ រួមទាំងមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរយនាក់ នាំគ្នាដាំកូនឈើចំរុះជាង២.០០០ដើម ក្នុងប្រារព្ធពិធីរុក្ខទិវា នៅតាមជើងភ្នំកងវ៉ា ស្ថិតក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងនៅតំបន់ជើងភ្នំកងវ៉ាជាកន្លែងតំបន់ទេសចរណ៍សំរាប់ឲ្យប្រជាពលរដ្ឋមកលេងកំសាន្តផងដែរ។
នៅក្នុងពិធីបុណ្យរុក្ខទិវា ៩ កក្កដា នេះ លោក អ៊ុំ រាត្រី បានថ្លែងថា ការងារដំាដើមឈើនេះត្រូវបានមន្ត្រីរាជការ កងកម្លាំងទាំង៣ និងប្រជាពលរដ្ឋ ចូលរួមដាំយ៉ាងផុលផុសដើម្បីឲ្យសង្គមយើងជាគំរូមួយដែលគេទទួលស្គាល់ ដែលជាពិធីប្រពៃណីជាតិមួយហៅថាបុណ្យ រុក្ខទិវា។
លោកថា «ជាការពិតណាស់ដើមឈើមានសារៈសំខាន់ណាស់ ចំពោះជីវិតមនុស្សសត្វ និងជីវៈចម្រុះគ្រប់ប្រភេទ។ វាផ្ដល់សារៈប្រយោជន៍យ៉ាងច្រើនដូចជា ផ្ដល់ម្លប់ ផ្លែផ្កា អុសសំរាប់ដុត ជាឈើសំណង់ ជាជម្រកសត្វព្រៃ ជម្រកមច្ឆាជាតិ ជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកទឹកភ្លៀងសំរាប់បង្កបង្កើនផល ចិញ្ចឹមជីវិតមនុស្សលោកផងដែរ។ ហេតុដូចនេះយើងទាំងអស់គ្នាដែលជាអ្នកទទួលប្រយោជន៍ពីដើមឈើនេះ គប្បីចូលរួមថែរក្សាការពារ និងស្រឡាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ដល់ខ្លួនយើងផ្ទាល់ និងជីវិតសត្វព្រៃគ្រប់ប្រភេទ និងប្រព័ន្ធជីវៈចម្រុះនោះផងដែរ»។
នៅក្នុងឱកាសនោះ លោក អ៊ុំ រាត្រី បានអំពាវនាវព្រះសង្ឃ អាជ្ញាធរ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ត្រូវបង្កើនសកម្មភាពដាំដុះដើមឈើគ្រប់ប្រភេទ នៅតាមទីវត្តអារាម ទីធ្លាសាធារណៈ ក្នុងបរិវេណគ្រឹះស្ថានសិក្សា មន្ទីរពេទ្យ តាមដងផ្លូវលំ ផ្លូវជាតិ ទំនប់ ប្រឡាយ តាមភូមិដ្ឋាននានា និងតាមភ្លឺស្រែចំការ ឲ្យបានច្រើនកុំចាំបាច់មើលបំណាំគ្នាឲ្យសោះ៕