Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពត ចុះពិនិត្យស្ពានចាស់ ដើម្បីជួសជុលឲ្យកង់ម៉ូតូធ្វើចរាចរណ៍ឡើងវិញ បន្ទាប់ពីមានបញ្ជារបស់នាយករដ្ឋមន្រ្តី

04-08-2016 14:15

(កំពត)៖ លោក ចាន់ ចេស្តា អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចុះពិនិត្យស្ពានចាស់ឆ្លងព្រែកកំពង់បាយកំពត ឬ​ (ស្ពានឥន្ទនូ) ដើម្បីជួសជុលសម្រាប់ដាក់ឲ្យកង់ ម៉ូតូ ធ្វើចរាចរណ៍ឡើងវិញ ក្រោយពីធ្វើការជួសជុលរួចរាល់ នៅពេលឆាប់ៗខាងមុខនេះ ដោយយោងតាមបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកអភិបាលខេត្តកំពត បានប្រាប់ឲ្យដឹងថា ទោះបីយ៉ាងណា ស្ពានចាស់មួយនេះ ត្រូវបានបើកឲ្យម៉ូតូ និងកង់ ធ្វើចរាចរឡើងវិញ ក្រោយជួសជុលរួច។ លោកក៏សំណូមពរឲ្យមន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធ ពិនិត្យ និងជួសជុល ឲ្យបានរួចរាល់កាន់តែឆាប់ កាន់តែល្អ សម្រាប់ប្រជាពលរដ្ឋធ្វើចរាចរណ៍។

សូមបញ្ជាក់ថា នៅក្នុងឱកាសជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តី និងកងកម្លាំងប្រដាប់អាវុធនៅសាលាខេត្តកំពត កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យធ្វើការជួសជុលដាក់ ឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ឡើងវិញ។

ការសម្រេចឲ្យជួសជុលស្ពាន ដើម្បីឲ្យប្រជាពលរដ្ឋឆ្លងកាត់នេះ បន្ទាប់ពីសម្តេចសង្កេតឃើញមានប្រជាពលរដ្ឋ បានទទូចឲ្យបើកស្ពាននេះឡើងវិញ។ ប្រជាពលរដ្ឋ និងសិស្ស ដែលធ្លាប់តែព្យាយាមនាំគ្នាឆ្លងរបាំងធ្វើដំណើរតាមស្ពាននេះ បានយល់ឃើញថា ជាការល្អមួយចំពោះការបើកដំណើរការស្ពាននេះឡើងវិញ ព្រោះវាជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ទៅប្រកបការងារ ក៏ដូចជាធ្វើដំណើរទៅសាលា៕