(កំពង់ធំ)៖ ថ្លែងក្នុងពីធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាសាខាកាកបាទក្រហមកម្ពុជា នៅវិទ្យាល័យហ៊ុន សែន ចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី ០៩ ខៃសីហា ឆ្នាំ២០២៣នេះ លោក សាយ គឹមឡម ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង បានណែនាំដល់យុវជនត្រូវខិតខំសិក្សារៀនសូត្រដើម្បីអនាគតត្រចះត្រចង់និងត្រឡប់មកអភិវឌ្ឍន៍មូលដ្ឋានខ្លួនវិញ។

លោក សាយ គឹមឡម ក៏បានណែនាំដល់សិស្សានុសិស្សដែលត្រូវបានបំពាក់កន្សែងពេលនេះ ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនជាយុវជនកាកបាទក្រហមកម្ពុជាទៅតាមគោលនយោបាយ ហើយត្រូវធ្វើជាមនុស្សគំរូនៅក្នុងមូលដ្ឋានជាសិស្សគំរូនៅក្នុងសាលាជាពិសេសត្រូវប្រព្រឹត្តខ្លួនឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ និងចូលរួមឲ្យបានយ៉ាងសកម្មជាមួយនឹងកិច្ចការមនុស្សធម៌នៅក្នុងមូលដ្ឋានការ សហការជាមួយអាជ្ញាធរដែនដី ជាពិសេសគឺការចូលរួមគ្រប់សកម្មភាពទាំងឡាយរបស់អនុសាខា សាខាកាកបាទក្រហមកម្ពុជាគ្រប់លំដាប់ថ្នាក់។

លោកបានបន្តថា ដើម្បីបំពេញបន្ថែមសមាជិកយុវជនដែលបានប្រលងចេញ ឬត្រូវបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា និងដើម្បីពង្រីកសមាជិកយុវជនថ្មី សម្រាប់បំពេញសកម្មភាពមនុស្សធម៌ លើសពីនេះកម្ពុជាបានចាត់ទុកយុវជនជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាព ហើយនៅគ្រប់សម័យកាល គ្រប់សង្គម យុវជនជាកម្លាំងស្រួចដែលមានកម្លាំងកាយ-កម្លាំងចិត្ត និងស្មារតីភ្លឺស្វាង មានទឹកចិត្តក្លាហាន ពុះពារមិនរារែកគ្រប់ឧបសគ្គ ការលំបាកនានា ជាពិសេសយុវជនគឺជាសសរទ្រូងរបស់ប្រទេសជាតិទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត។

លោក សាយ គឹមឡម ក៏បានបញ្ជាក់បន្ថែមថា ការសិក្សាឲ្យបានស៊ីជម្រៅទៅតាមបរិបទសម័យឌីជីថល គឺអ្នកសិក្សាត្រូវខិតខំសិក្សាបន្ថែមទៀតផ្នែកព័ត៌មានវិទ្យាភាសាអង់គ្លេស ឱ្យបានច្បាស់លាស់ ដែលជាយានមួយសម្រាប់ដំណើរការសិក្សារៀនសូត្រនៅសាកលវិទ្យាល័យប្រកបដោយជោគជ័យ ជាពិសេសការយកទៅប្រើប្រាស់នៅក្នុងស្ថាប័ន អង្គភាព និងវិជ្ជាជីវៈនានា ប្រកបដោយគុណភាពប្រសិទ្ធភាពនិងឆាប់រហ័ស។

គួរបញ្ជាក់ផងដែរថា ការបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា នៅវិទ្យាល័យហ៊ុន សែន ចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ នៅក្នុងឱកាសនេះមានចំនួន ៦៣នាក់ ស្រី ៤៥ នាក់៕