(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំពិធីបិទកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ នៅសាលាខេត្តបាត់ដំបង។
លោក សុខ លូ បានឱ្យដឹងថា ការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាននេះ គឺជាការអនុវត្តការងាររៀបចំត្រៀមបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ដើម្បីរួមគ្នាកសាងនូវបញ្ជីបោះឆ្នោតមួយដែលមានសុក្រឹតភាពប្រកបដោយលក្ខណៈសំខាន់ៗ៣យ៉ាង គឺភាពពេញលេញ ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាព។
លោកអភិបាលខេត្តបានណែនាំឱ្យត្រូវពង្រឹងការស្រង់ឈ្មោះអ្នកបោះឆ្នោត ដើម្បីលុបចេញពីបញ្ជីបោះឆ្នោត ដោយឈរលើស្មារតីអព្យាក្រឹត និងផ្អែកលើឯកសារសម្អាងត្រឹមត្រូវ ច្បាស់លាស់ តាមគោលការណ៍ណែនាំរបស់ គ.ជ.ប និងក្រសួងមហាផ្ទៃ អនុវត្តតាមប្រតិទិនការងារស្រង់ស្ថិតិប្រជាពលរដ្ឋប៉ានស្មានតាមឃុំ សង្កាត់ ជាពិសេសត្រូវពិនិត្យផ្ទៀងផ្ទាត់ និងបូកសរុបស្ថិតិប្រជាពលរដ្ឋតាមភូមិសាស្រ្ដរបស់ខ្លួន ដែលមានប្រជាពលរដ្ឋរួមដែលមានអាយុ១៨ឆ្នាំឡើង ចំនួនអ្នកបោះឆ្នោតដែលត្រូលុបចេញពីបញ្ជីបោះឆ្នោត ចំនួនប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ចំនួននិងទីតាំងការិយាល័យបោះឆ្នោតជាដើមឱ្យបានត្រឹមត្រូវច្បាស់លាស់ ដើម្បីបញ្ជូនមកលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត និង គ.ជ.ប តាមពេលវេលាដែលបានកំណត់។
គួរជម្រាបថា យោងសេចក្តីសម្រេចលេខ ១៧២ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ និងប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ របស់ គ.ជ.ប បន្ទាប់ពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានរួច គឺជាដំណាក់កាលនៃការចែកលិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ ដែលមានរយៈពេល៣០ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងគោលបំណងជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយដែលបានប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ( អ.ខ ) ដែលអស់សុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណ (ឯ.អ) បម្រើឱ្យការចុះឈ្មោះបោះឆ្នោតកន្លងមក ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងមកធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងបញ្ជីបោះឆ្នោតតាមអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាពក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣។ ម៉្យាងទៀត អ្នកដែលបានប្រើ អ.ខ ដែលមានសុពលភាពក្នុងការចុះឈ្មោះបោះឆ្នោតកន្លងមក ត្រូវឱ្យគាត់មកពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ប្រសិនបើពិនិត្យឃើញថាមានការកត់ត្រាមិនបានត្រឹមត្រូវ តាម អ.ខ ដែលមានសុពលភាព អាចស្នើសុំកែតម្រូវក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣។
ដំណាក់កាលចុងក្រោយ គឺការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣ នៅតាមឃុំ សង្កាត់ទូទាំងប្រទេស ដែលមានរយៈពេល១៩ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។ ការកំណត់អាយុ១៨ឆ្នាំ ដើម្បីចុះឈ្មោះបោះឆ្នោតបាន ត្រូវគិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពោលគឺអ្នកដែលបានកើតមុន ឬកើតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦។
ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោតចំនួន១លើក ដើម្បីបើកកិច្ចប្រជុំជាមួយក្រុមចុះឈ្មោះបោះឆ្នោត ត្រួតពិនិត្យការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត៕