(សៀមរាប)៖ នៅថ្ងៃ៩ ខែសីហា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋស្ម័គ្រចិត្តនៅតាមសង្កាត់ ក្នុងក្រុងសៀមរាប បានចាប់ផ្តើមស្តារ និងសម្អាតរុក្ខជាតិក្នុងស្ទឹងសៀមរាប ដើម្បីលើកកម្ពស់សោភ័ណភាព និងទេសភាពឲ្យកាន់តែស្រស់បំព្រង ព្រមទាំងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យមកកម្សាន្តកាន់តែច្រើនថែមទៀត។
លោក អុិន សាវុធ ប្រធានក្រុមការងារស្តារ និងសម្អាតរុក្ខជាតិក្នុងស្ទឹងសៀមរាប នៅចំណុចស្ពានថ្ម វត្តរាជបូណ៌ បានឲ្យដឹងថា ដោយទទួលបានផែនការពីចៅសង្កាត់ ក្រោមការចង្អុលបង្ហាញពីគណៈបញ្ជាការឯកភាពក្រុង និងខេត្ត លោកបានដឹកនាំកម្លាំងប្រជាការពារ និងប្រជាពលរដ្ឋចំនួន២២នាក់ ដោយចែកចេញជា២ក្រុម ក្រុមទី១ ត្រូវកាត់ឬសក្រោម និងក្រុមទី២ ត្រូវទាញរុក្ខជាតិដែលបានកាត់ឬសក្រោមរួចមកច្រាំង។
លោក អុិន សាវុធ បានបន្តថា ចំពោះការស្តារ និងសម្អាតរុក្ខជាតិនេះ មានផលលំបាកជាខ្លាំង ដោយសារទឹកជ្រៅ ហើយរុក្ខជាតិភាគបានដុះចេញមកពីបាតស្ទឹងមក ប្រសិនបើយើងសម្អាតតែខាងលើនោះវាស្អាត មិនបានយូរនោះឡើង ដូច្នេះហើយ យើងត្រូវមុជទៅក្នុងទឹក ដើម្បីកាត់ឲ្យដល់ឬសក្រោមរបស់វា រួចប្រើសំណាញ់អូសមកក្បែរច្រាំង រួចលើកដាក់លើគោក ធ្វើបែបនេះទើបស្ទឹងសៀមរាបស្អាតបានយូរ។
លោកបានបន្តទៀតថា ការណ៍ដែលក្រុមរបស់លោកមកធ្វើនេះ បានចំណាយពេលវេលា និងកំលាំងកាយចិត្ត ដូច្នេះហើយ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យចូលរួមឲ្យបានកុះករ ដើម្បីលើកកម្ពស់សោភ័ណភាព និងទេសភាពក្រុងសៀមរាប ឲ្យកាន់តែស្រស់ស្អាត និងលើកមុខមាត់ប្រជាពលរដ្ឋក្នុងក្រុងសៀមរាបផងដែរ។
លោក អុិន សាវុធ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំង សូមកុំបោះចោលសំរាមក្នុងស្ទឹង និងចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ព្រោះបរិស្ថានស្អាត គឺដើម្បីយើងទាំងអស់ផងដែរ។
ជាមួយនេះ លោកក៏បានអំពាវនាវដល់បងប្អូននៅតាមបណ្តាញសង្គមនានា សូមរិះគន់ដើម្បីស្ថាបនា សូមកុំរិះគន់ដើម្បីតែជាន់ពន្លិច នេះជាការលើកឡើងរបស់លោក អុិន សាវុធ ប្រធានក្រុមការងារស្តារ និងសម្អាតរុក្ខជាតិក្នុងស្ទឹងសៀមរាប នៅចំណុចស្ពានថ្ម វត្តរាជបូណ៌៕