(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានចុះជួបសំណេះសំណាលជាមួយកងកម្លាំង អង្គភាពអន្តរាគមន៍ និងអង្គភាពតម្រួតបទបញ្ជា ដែលកំពុងហ្វឹកហាត់បាញ់ គ្រាប់ពិត។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លន់ សុផាត តំណាងឲ្យនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណកងកម្លាំង នៃអង្គភាពទាំង២ ដែលកន្លងមកបានចូលរួមសហការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងព្រឹត្តិការណ៍ធំរបស់ជាតិ ពិសេសការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍បោះឆ្នោតតំណាងរាស្ត្រ អាណត្តិទី៧ ថ្មីៗកន្លងនេះ។

ឧត្តមសេនីយ៍ឯក បានកោតសរសើរកងកម្លាំងទាំងពីរអង្គភាព ដែលបានខិតខំហ្វឹកហ្វឹកជំនាញបន្ថែមនៅក្នុងអង្គភាព ជាក់ស្ដែងថ្ងៃនេះហ្វឹកហ្វឺនបាញ់គ្រាប់ពិត តាមរបាយការណ៍របស់គ្រូជំនាញឃើញថា សមត្ថភាពកងកម្លាំង មានសមត្ថភាពខ្ពស់។

លោកក៏បានពាំនាំមតិផ្ដាំផ្ញើសាកសួរសុខទុក្ខ និងកោតសរសើររបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ហើយឧត្តមសេនីយ៍ឯកអគ្គស្នងការរង ក៏បាននាំនូវអំណោយនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អង្ករចំនួន១០តោន មី ១០កេស ត្រីខ ១០កេស ទឹកស៊ីអីវ១០យួរ និងថវិការចំនួន៤លានរៀលជូនកម្លាំងផងដែរ៕