(ភ្នំពេញ)៖ ទីបំផុត! អាជ្ញាធរខណ្ឌច្បារអំពៅ និងមន្ទីរកសិកម្មរាជធានីភ្នំពេញ បានដោះស្រាយបញ្ចប់ករណីប្រជាពលរដ្ឋរស់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ប្តឹងម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ជល់មួយកន្លែង ដែលបង្កការរំខានដល់ការរស់នៅរបស់ពួកគាត់។

ការប្រជុំដោះស្រាយនេះ ធ្វើឡើងសាលាខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក យ៉ាន់ ពៅ អនុប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ និងលោក ញាណ ច័ន្ទសោភា អភិបាលរងខណ្ឌច្បារអំពៅ ព្រមទាំងតំណាងប្រជាពលរដ្ឋ និងម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ជល់។

ក្រោយពីបានប្រជុំពិភាក្សាជាមួយភាគីតំណាងប្រជាពលរដ្ឋ ភាគីតំណាងម្ចាស់អាជីកម្មចិញ្ចឹមមាន់ និងអ្នកពាក់ព័ន្ធរួចមក អង្គប្រជុំសម្រេចដូចខាងក្រោម៖

១៖ សូមឲ្យភាគីម្ចាស់អាជីវកម្មចិញ្ចឹមមាន់ រុះរើផ្លាស់ប្តូរទៅទីតាំងផ្សេង ដែលឆ្ងាយពីទីប្រជុំជនរស់នៅ។

២៖ នៅទីតាំងនេះមិនអនុញ្ញាតច្បាប់ ឲ្យបើកអាជីវកម្មចិញ្ចឹមមាន់បានទេ។

៣៖ ទុកពេលវេលាប្រាំបួន(៩)ខែ សម្រាប់ទុកពេលឲ្យម្ចាស់អាជីវកម្មចិញ្ចឹមមាន់ រុះរើផ្លាស់ប្តូរទៅទីតាំងផ្សេង ដោយគិតចាប់ពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ជាកំហិត។

៤៖ មិនអនុញ្ញាតឲ្យម្ចាស់អាជីវកម្ម យកមាន់ថ្មីផ្សេងទៀតចូលទីតាំងកសិដ្ឋាននេះ។

៥៖ ម្ចាស់អាជីកម្មចិញ្ចឹមមាន់ត្រូវសំអាត និងមានអនាម័យល្អនៅទីតាំងចិញ្ចឹម និងជៀសវាងសំឡេងរំខាន និងមានក្លិនស្អុយប៉ះពាល់ដល់អ្នកជិតខាង៕