(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថខណ្ឌឬស្សីកែវ បានចាប់បុរសម្នាក់ឈ្មោះ នី ផល្លី អាយុ៤០ឆ្នាំ មុខរបររត់ PassApp ក្រោយជននេះបានចាក់សាំងស្រោចទៅលើអតីតភរិយា​ ម្តាយក្មេក និងកូនស្រី២នាក់របស់ខ្លួន ហើយប្រុងដុតសម្លាប់ចោលតែម្តង។

យោងតាមរាបាយការណ៍របស់អាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា​ ជននេះធ្លាប់បានរៀបការជាមួយនារីម្នាក់ឈ្មោះ យ.អ តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ និងរស់នៅជាមួយគ្នាបានកូនស្រីចំនួន៥នាក់។

ដោយការរស់នៅមិនសូវចុះសម្រុងគ្នា ព្រោះតែបុរសជាប្តី​ ជាមនុស្សប្រើប្រាស់គ្រឿងញៀន តែងតែបង្កអំពើហិង្សាក្នុងគ្រួសារ វាយប្រពន្ធកូនជាបន្តបន្ទាប់ ធ្លាប់ជាប់គុក ធ្លាប់ចូលមណ្ឌលអប់រំផ្តាច់សារធាតុញៀន តែក៏នៅមិនកែប្រែ អត្តចរឹក ទើបអតីតប្រពន្ធទ្រាំទ្រទៀតមិនបានក៏សម្រេចចិត្តលែងលះគ្នានៅសា​លាសង្កាត់ច្រាំងចំរេះ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។

ក្រោយពេលលែងលះបុរសជាប្តីតាំងខ្លួនជាអ្នកស្មោះស្នេហ៍ តែងតែទូរស័ព្ទទៅអតីតប្រពន្ធ ដើម្បីសុំត្រូវរ៉ូវគ្នាឡើងវិញ តែអតីតប្រពន្ធមិនយល់ព្រម រហូតដល់ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ បុរសជាបី្តបានខលមកសុំត្រូវរ៉ូវគ្នា​ ម្តងទៀត តែអតីតប្រពន្ធនៅតែបដិសេធ បុរសជាប្តីក៏គំរាមថាបើមិនត្រូវគ្នាវិញទេ មានតែស្លាប់ទាំងពីរនាក់ រួចក៏ចុចបិតទូរស័ព្ទ។

បន្ទាប់មកប្រហែលកន្លះម៉ោង បុរសជាប្តីបានជិះម៉ូតូកង់បីឥណ្ឌា មកដល់ផ្ទះអតីតប្រពន្ធ ដើរចូលទៅក្នុងផ្ទះរួចចាក់គន្លឹះពីខាងក្នុងបន្ទប់ យកសាំងចំនួន០៣ដប មកចាក់ពីលើអតីតប្រពន្ធ ភ្លាមនោះកូនស្រី ដែលនៅខាងក្រៅបន្ទប់ បានឃើញឪពុកមានកាន់ដបសាំង ក៏ស្រែកហៅជីដូនឱ្យមកជួយ ពេលនោះ ជីដូនដែលត្រូវជាម្តាយក្មេកបុរសជាប្តី បានរត់មកធាក់ទ្វារ០៤ទៅ០៥ជើង បណ្តាលឱ្យរបើក និងឃើញអតីតកូនប្រសារ កំពុងចាក់សាំងស្រោច លើកូនស្រីគាត់ ក៏ស្ទុះទៅប្រតាយប្រតប់គ្នាដណ្តើមយកដបសាំងចេញ តែត្រូវអតីកូនប្រសា ជះសាំងទៅលើអតីតម្តាយ​​​ក្មេក និងរៀបយកដែកកេះមកកេះឱ្យឆេះ ក៏ត្រូវកូនស្រីខ្លួន ស្ទុះទៅចាប់ប្រតាយប្រតប់ក្រវាសដែកកេះចេញពីដៃ រួចក៏បន្តប្រតាយប្រតប់គ្នា ហើយបុរសជាប្តី ក៏បាន​ជះសាំងទៅលើកូនស្រីខ្លួនម្នាក់ទៀត បម្រុងដុតសម្លាប់​ទាំងអស់គ្នា ក៏ត្រូវបានអ្នក​ជិតខាងស្ទុះទៅចាប់ឃាត់ និងខលប្តឹងសមត្ថកិច្ចអាវុធហត្ថខណ្ឌឬស្សីកែវ ចុះអន្តរាគមន៍ទាន់ ពេលវេលាឃាត់ខ្លួនជនដៃដល់ យកមកចាត់ការតាមនីតិវិធីច្បាប់ និងបានពិនិត្យឃើញថា ជនសង្ស័យ មានជាប់សារធាតុញៀនក្នុងខ្លួនផងដែរ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕