(កណ្ដាល)៖ លោក ហេង រតនា ប្រធានក្រុមការងារ រាជរដ្ឋាភិបាលជួយស្រុកលើកដែក ខេត្តកណ្ដាល តាងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានអចិន្ត្រៃយ៍គណ:ពង្រឹងមូលដ្ឋានស្រុកលើកដែក រួមជាមួយក្រុមការងារ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះ បានចូលរួមក្នុងពិធីថ្វាយទានវស្សា និងទេយ្យវត្ថុប្រគេនវត្តចំនួន១៣ និងមណ្ឌលអាស្រមចំនួន៣ ទូទាំងស្រុកលើកដែក។
ឆ្លៀតក្នុងឱកាសនេះ លោក ហេង រតនា បានពាំនាំការថ្លែងអំណរគុណរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញទៅបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះភ្លូកទឹក ភ្លូកដី បន្តដឹកនាំរាជរដ្ឋាភិបាល ថែរក្សាសន្តិភាព និងការអភិវឌ្ឍ។
លោកបន្តថា ការសន្លឹកឆ្នោតដែលបងប្អូនបោះជូនគណបក្សប្រជាជនកម្ពុជា គឺជាការគាំទ្រដល់សម្តេចតេជោ ហ៊ុន សែន និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីដឹកនាំប្រទេសកម្ពុជា ឱ្យកាន់តែសម្បូរសប្បាយរុងរឿងតទៅមុខថែមទៀត។
ជាមួយគ្នានេះ លោកថា ទៀនព្រះវស្សា និងទេយ្យទានដែលវេរប្រគេនដល់ព្រះសង្ឃនាពេលនេះ គឺដើម្បីគោរពទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដែលជាពុទ្ធឱវាទ និងដើម្បីជួយសម្រាលការលំបាករបស់ព្រះសង្ឃ ក្នុងរយៈពេលគង់ចាំព្រះវស្សា អស់ត្រីមាស នៅទីវត្តអារាម ដែលក្នុងរយៈពេលនោះ ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន។
ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ ក្នុងព្រះពុទ្ធសាសនាជាពេលវេលា ដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួន តាមពុទ្ធឱវាទ បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព៕