(ភ្នំពេញ)៖ ក្រោយសង្គេតឃើញធាតុអាកាសទូទៅកម្ពុជា នៅរដូវវស្សាមានភ្លៀងធ្លាក់ជាប្រចាំ ពិសេសនៅតាមតំបន់មាត់សមុទ្រ និងតំបន់ព្រៃភ្នំ ដែលមានភ្លៀងធ្លាក់ខ្លាំង និងបង្កឱ្យមានទឹកជំនន់រហ័សភ្លាមៗ មិនអាចឱ្យដឹងជា មុនបាន, ក្រសួងបរិស្ថាន បានដាក់ចេញវិធានការ៤ចំណុច ដើម្បីការពារទប់ស្កាត់ និងសង្គ្រោះបន្ទាន់ចំពោះភ្ញៀវទសចរដែលទៅកម្សាន្តតាមគោលដៅទេសចរណ៍ ក្នុងតំបន់ការពារធម្មជាតិ។
នៅក្នុងសចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះ ក្រសួងបរិស្ថាន បានធ្វើការណែនាំដល់អង្គភាពជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថានខេត្ត សហគមន៍តំបន់ការពារធម្មជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តវិធានការដូចខាងក្រោម៖
*ទី១៖ អប់រំ ផ្សព្វផ្សាយ ណែនាំដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅគោលដៅទេសចរណ៍ធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ជាពិសេសនៅតាមសហគមន៍ទេសចរណ៍ធម្មជាតិទាំងអស់ឱ្យនៅឆ្ងាយពីតំបន់ ទឹកធ្លាក់ ឬផ្លូវទឹកនៅពេលមានភ្លៀងធ្លាក់។
*ទី២៖ ត្រូវមានអ្នកប្រចាំការនៅតាមតំបន់នីមួយៗ និងជូនដំណឹងដល់ភ្ញៀវទេសចរអំពីហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុ និងការត្រៀមបង្ការនានាដើម្បីសុវត្ថិភាពភ្ញៀវទេសចរ។
*ទី៣៖ ត្រូវដាក់ស្លាកសញ្ញាសម្គាល់ នៅតំបន់ដែលអាចមានគ្រោះថ្នាក់ពេលភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់និងតំបន់ហានិភ័យនានា។
*ទី៤៖ ត្រូវត្រៀមសម្ភារ និងឧបករណ៍ចាំបាច់ សម្រាប់ជួយសង្គ្រោះភ្លាមៗក្នុងករណីមានឧប្បត្តិហេតុ ណាមួយកើតឡើង។
ការចេញជូនដំណឹងបានធ្វើឡើងក្រោយមានហេតុការណ៍គ្រោះថ្នាក់មួយបានកើតឡើងនៅតំបន់ទឹកធ្លាក់ភ្នំឱម៉ាល់ ស្រុកទឹកឈូ ខេត្តកំពត ដែលទឹកបានហូរធ្លាក់មកបុកយុវជនយុវតី កំពុងសម្រាកនៅក្នុងតង់បណ្តាលឲ្យប៉ើងធ្លាក់ ទៅជាមួយទឹក ស្លាប់២នាក់ ខណៈ២នាក់ទៀតបានរួចខ្លួន។
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន៖