(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ បានថ្លែងថាការពិនិត្យឡើងវិញ ពីទីតាំងដែលនឹងត្រូវ បំពាក់ប្រព័ន្ធការពារគ្រាប់មីស៊ីលកម្រិតខ្ពស់ THAAD នៅលើទឹកដីប្រទេសនេះ អាចនឹងត្រូវធ្វើការពិចារណាឡើងវិញ ខណៈការបញ្ឈប់ការគំរោងតាមការទាមទាររបស់ប្រទេសជិតខាងនោះ មិនមានការលើកឡើងនោះឡើយ។ នេះបើតាម ការចេញផ្សាយនៅមុននេះបន្តិចដោយស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០១៦។
កាលថ្លែងរបស់លោកស្រី ផាក ខាងលើនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយប្រធានការិយាល័យប្រធានាធិបតីលោក Cheong Wa Dae ដោយក្នុងនោះលោកស្រី បានសម្រេចគិតពិចារណាឡើងវិញពីការដាក់ប្រព័ន្ធ THAAD ក្រៅពីតំបន់ Seungju ដែលជាទីតាំងរដ្ឋាភិបាលបានកំណត់កន្លងមក។ សម្រាប់ទីតាំងថ្មីនៃការបំពាក់ប្រព័ន្ធការពារគ្រាប់មីស៊ីល ដែលកំពុងបង្ករឿងរសើបបំផុតក្នុងតំបន់នេះ នឹងត្រូវធ្វើការសិក្សាជាមុនឲ្យបានល្អិតល្អន់។
គួរបញ្ជាក់ថា គំរោងប្តូរទីតាំងដាក់ប្រព័ន្ធ THAAD ដែលកូរ៉េខាងត្បូងទទួលបានក្រោយកិច្ចព្រមព្រៀងជាមួយ អាមេរិកនេះ បានកើតឡើង បន្ទាប់ពីមតិជាតិនិងក្នុងតំបន់បានបន្តរិះគន់យ៉ាងខ្លាំងមកលើ រដ្ឋាភិបាលកូរ៉េខាងត្បូង ថាកំពុងបោះបង់ចោលអ្នកជិតខាង និងប្រជាជនខ្លួនឯង រួចស្រាវ៉ាឱបគ្រាប់មីស៊ីលដែលទិញពីអាមេរិក។ សម្រាប់ THAAD ត្រូវបានភាគីអាមេរិក និងកូរ៉េខាងត្បូង គ្រោងបំពាក់នៅចុងឆ្នាំ ២០១៧៕