(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារនាំយកគ្រឿងឧបភោគបរិភោគដែលជាអំណោយរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី កែ សួនសុភី ចែកជូនដល់កុមារកំព្រាចំនួន១២៣នាក់ ដែលកំពុងស្នាក់នៅ និងរៀនសូត្រនៅមណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹម វត្តខ្ចាស់។

ការចែកជូនអំណោយនេះធ្វើឡើងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ក្នុងនោះរួមមាន ថវិកា៤,២៨១ដុល្លារ អង្ករ៥តោន មី៥កេសធំ ទឹកសុទ្ធ២០០យួរ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានពាំនាំការសួសុខទុក្ខពីលោក ស សុខា និងលោកស្រី កែ សួនសុភី ជូនដល់សិស្សានុសិស្ស រួមលោកគ្រូអ្នកគ្រូអ្នកដែលបានមើលថែរក្សាកូនៗ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្តាំផ្ញើឱ្យសិស្សានុសិស្សត្រូវខិតខំរៀនសូត្រដើម្បីយកចំណេះជំនាញ ទៅប្រកបរបរចិញ្ចឹមជីវិតនាពេលអនាគត និងចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន រស់នៅស្អាត អនាម័យល្អ ហូបស្អាតជានិច្ច ប្រុងប្រយ័ត្ន និងថែរក្សាសុខភាពឱ្យបានល្អ ព្រោះចូលរដូវភ្លៀងធ្លាក់និងមានមូលខ្លា ពេលចូលគេងដាក់មុងឱ្យបានត្រឹមត្រូវ ស្តាប់តាមដំបូលន្នាន លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា ម៉ែដោះ និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន៕