(ភ្នំពេញ)៖ សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា និងសមាគមស្បែកជើងកម្ពុជា បានសហការជាមួយក្រុមហ៊ុន Baker Tilly Cambodia រៀបចំសិក្ខាសាលា ស្តីពីច្បាប់ការផ្ទេរថ្លៃ ពន្ឋលើប្រាក់បៀវត្ស និងពន្ឋលើអត្ថប្រយោជន៍បន្ថែម ជូនដល់សមាជិក សមាជិកាសរុបជាង ១៦០ក្រុមហ៊ុន ដោយផ្សព្វផ្សាយពីកាតព្វកិច្ចចាំបាច់របស់រោងចក្រ សហគ្រាស ក្នុងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ ដោយសិក្ខាកាមចំនួនជាង ៧០រូប ចូលរួមដោយផ្ទាល់ នៅសាលប្រជុំ FORTUNE LIFE INSURANCE សិក្ខាកាមចំនួន ៩០រូប បានចូលរួមតាមប្រព័ន្ធអនឡាញ។ សិក្ខាសាលានេះ បានធ្វើឡើងដោយវត្តមានអញ្ជើញចូលរួមធ្វើបទបង្ហាញពីលោក Chay Haw Teh នាយកផ្នែកពន្ធដារ និងប្រឹក្សា គណនេយ្យករ និងកញ្ញា Tan Wenn Wenn ទីប្រឹក្សាពន្ធដារ និងអនុលោមតាមច្បាប់ នៃក្រុមហ៊ុន Baker Tilly Cambodia ។

ឧកញ៉ា លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បានថ្លែងមតិស្វាគមន៍ និងបើកកម្មវិធីដល់សមាជិក សមាជិកាទាំងអស់ ដែលបានចូលរួមក្នុងសិក្ខាសិលាស្តីពីច្បាប់ការផ្ទេរថ្លៃ ពន្ឋលើប្រាក់បៀវត្ស និងពន្ឋលើអត្ថប្រយោជន៍បន្ថែម ដោយបានលើកទឹកចិត្តដល់សិក្ខាកាម ដែលបានចូលរួមលើកជាសំណួរដល់វាគ្មិន ក្នុងឱកាសសិក្ខាសាលានេះ៕