(ភ្នំពេញ)៖ សិស្សានុសិស្សកម្ពុជា ពិតជាបានបង្ហាញឱ្យបរទេសឱ្យបានស្គាល់​ពីប្រទេសកម្ពុជា តាមរយៈការបង្ហាញសមត្ថភាពរបស់ខ្លួនលើឆាកអន្តរជាតិជាបន្តបន្តបន្ទាប់ ជាក់ស្តែងកម្មវិធី Teeneagle Competition ដែលជាការប្រកួតប្រជែងកំរិតភាសាអង់គ្លេស លំដាប់អន្តរជាតិដ៏ធំនៅទីក្រុង London ចក្រភពអង់គ្លេស ដែលទើបបានបញ្ចប់កាលពីពេលថ្មីៗនេះ សិស្សកម្ពុជា ១រូប អាចឈានដល់ការដណ្តើមបានលេខ៣ ក្នុងចំណោមសិស្ស ៤២៣រូប មកទូទាំងសកលលោកដើម្បីប្រឡង ខណៈសិស្សពូកែកម្ពុជាផ្សេងទៀត ក៏ដណ្តើមបានមេដាយមាស១១ មេដាយប្រាក់១៧ និងមេដាយសំរឹទ្ធ២៤ លើការប្រកួតប្រជែងមួយនេះ។

ក្រោមកម្មវិធីប្រកួតប្រជែងជុំទី០១ក្នុងតំបន់ ដែលមានសិស្សចូលរួមប្រឡងតាមរយៈ Online មកពីសាលាផ្សេងៗគ្នា ទាំងសាលារដ្ឋ និងសាលាឯកជន ក្រោមការរៀបចំដោយក្រុមហ៊ុន Bright Education Consultant and Travel បានសម្របសម្រួល និងបញ្ជូនកូនខ្មែរជាច្រើនរូបទៅចូលរួមប្រកួតប្រជែងភាសាអង់គ្លេស ដែលរៀបចំឡើង នៅសកលវិទ្យាល័យ Brunel University ទីក្រុង London ចក្រភពអង់គ្លេស។

ការប្រកួតប្រកួតប្រជែងនេះកំរិតភាសាអង់គ្លេសកំរិតអន្តរជាតិដ៏ធំ មានបេក្ខជនចូលរួមមានចំនួន ៤២៣រូប និងមានមកពីប្រទេសជាច្រើនជុំវិញពិភពលោក។ ជាលទ្ធផលសិស្សានុសិស្សកម្ពុជាមានចំនួន ៣៧នាក់ ក្នុងនោះមានម្នាក់ដណ្តើមបានលេខ៣ និងសិស្សផ្សេងៗទៀតដណ្តើមបានមេដាយមាស១១ មេដាយប្រាក់១៧ និងមេដាយសំរឹទ្ធ២៤។

ជាមួយនឹងការទទួលបានជោគជ័យលើការប្រកួតប្រជែងនេះដែរ ម្ចាស់មេដាយមាស និងការដណ្តើមបានលេខ៣ ក្នុងចំណោមសិស្ស ៤២៣រូប ដែលបានមកប្រឡងនៅទូទាំងសកលលោក និងបានត្រឡប់មកដល់ប្រទេសកម្ពុជា នាល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ យុវតី ចាន់ ធីតារ័ត្ន បានបញ្ជាក់ថា នាងពិតជាមានអារម្មណ៍រំភើប និងសប្បាយចិត្តខ្លាំងដែលបានដណ្តើមបានមេដាយមាស នឹងទទួលបានចំណាត់ថ្នាក់ល្អដូចនេះ និងបានអះអាងថា ការប្រឡងមួយនេះពិតជាល្អដែលជាឱកាសអាចបញ្ចេញសមត្ថភាពក្នុងចំណោមសិស្សជាច្រើនទូទាំងពិភពលោក។

យុវតី ចាន់ ធីតារ័ត្ន បានបញ្ជាក់ទៀតថា ក្នុងនាមជាកូនខ្មែរមួយរូប នាងពិតជាមានទោទនភាពដែលអាចដែលអាចតំណាងឱ្យប្រទេសកម្ពុជា និងឈានដល់ការដណ្តើមបានមេដាយមាសជូនជាតិ ជាមួយនឹងសារដ៏មានសារៈសំខាន់មួយសម្រាប់សិស្សប្អូនជំនាន់ក្រោយដែរថា «បើយើងតាំងចិត្តធ្វើអ្វីមួយ​ គឺយើងត្រូវតែធ្វើឱ្យបាន ហើយបើយើងធ្លាក់ឫជាប់ គឺជាលទ្ធផលរបស់យើង ហើយត្រូវពង្រឹងខ្លួនឯងបន្ថែមទៀត»

មិនខុសអី កុម៉ារ៉ា ហ៊ាង ដែនសុបញ្ញា បានឱ្យដឹងដែរថា មុននឹងឈានទៅប្រកួតប្រជែង និងអាចដណ្តើមបានមេដាយនេះ រូបគេបានខិតខំប្រឹងប្រែងសូត្រ ទាំងផ្នែកខាងអាន ខាងសរសេរ ទន្ទេញ និងឯកសារសំខាន់ៗសម្រាប់ការត្រៀមទៅប្រឡងនៅចក្រភពអង់គ្លេសនេះផងដែរ។

ដោយឡែកសិស្សពូកែដែលដណ្តើមបានមេដាយមាស ២គ្រឿង ទូច ម៉ូនីកា បានឱ្យដឹងដែរថា មុននឹងឈានដល់ការប្រឡងមួយនេះ រូបគេបានព្យាយាមសិក្សាស្រាវជ្រាវ ជាមួយនឹងការអានសៀវភៅឱ្យបានច្រើន ដើម្បីបានពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានកាន់តែច្រើន ដោយសារការប្រឡងមួយនេះក៏មានភាពពិបាកមួយចំនួនផងដែរ។

យុវតី ទូច ម៉ូនីកា ក៏បានបញ្ជាក់ដែរថា នាងគឺពិតជាមានភាពរីករាយក្រោយពីការឃើញឈ្មោះខ្លួនឯងទទួលបានលទ្ធផលល្អ ក៏ដូចជាបានឃើញទង់ជាតិរបស់ប្រទេសកម្ពុជានៅលើផ្ទាំងបង្ហាញ (sceen) ដោយនាងពិតជាចង់ឃើញទង់ជាតិប្រទេសកម្ពុជា នៅលើផ្ទាំងបង្ហាញជាមួយប្រទេសគេដូចគ្នាដែរ ដែលជាការបញ្ជាក់ថា កូនខ្មែរក៏មានសមត្ថភាពប្រឡងទទួលបានលទ្ធផលល្អសិស្សប្រទេសគេផងដែរ។

សម្រាប់អាណាព្យាបាលសិស្ស លោក គង់ ដារ៉ា បានបញ្ជាក់ដែរថា ការប្រកួតប្រជែង Teeneagle នៅចក្រភពអង់គ្លេសនេះ គឺជាកម្មវិធីមួយដ៏ល្អ ដែលអាចធ្វើឱ្យកូនខ្មែរ អាចបញ្ចេញសមត្ថភាពនៅលើឆាកអន្តរជាតិ ដើម្បីលើកមុខមាត់ប្រទេសជាតិឱ្យពិភពលោកកាន់តែស្គាល់ប្រទេសកម្ពុជា។ លោកក៏បានជម្រុញឱ្យអាណាព្យាបាលជួយជំរុញកូនរបស់ខ្លួន ឱ្យទៅធ្វើការប្រកួតនៅលើឆាកអន្តរជាតិឱ្យបានកាន់តែច្រើនផងដែរ៕