(កំពង់ស្ពឺ)៖ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក ដែលក្រសួងអភិវឌ្ឍន៍ជនបទ សហប្រតិបត្តិជាមួយអង្គការដៃគូរ តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍ជនជាតិដើមភាគតិចនៅកម្ពុជា។ សម្រាប់ឆ្នាំនេះ ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៩ និងលើកទី១៩ នៅកម្ពុជា ក៏ត្រូវបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅបរិវេណមណ្ឌលកីឡាខេត្តកំពង់ស្ពឺ។
លោកស្រី នួន មុនីចិន្ដា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិចនៃក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ទិវាអន្ដរជាតិជនជាតិដើមភាគតិចសម្រាប់ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «យុវជន ជនជាតិដើមភាគតិច គឺជាតួអង្គនៃការផ្លាស់ប្ដូរ ដើម្បីសិទ្ធិស្វ័យសម្រេច» និងមានគោលបំណងសំខាន់ៗចំនួន៣ គឺ ១- ចូលរួមលើកកម្ពស់តម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ភាសា ជនឿ និងសាសនាដ៏ល្អរបស់ជនជាតិដើមភាគតិច ទី ២- ជំរុញឱ្យមានការចូលរួមពេញលេញ និងមានប្រសិទ្ធភាពពីសំណាក់ជនជាតិដើមភាគតិច ក្នុងការធ្វើសេចក្ដីសម្រេចចិត្ត និងលើកកម្ពស់ការអនុវត្តក្របខណ្ឌច្បាប់ជាតិ និងអន្ដរជាតិ និងទី ៣- ចូលរួមអបអរសាទរ ជាមួយជនជាតិដើមភាគតិចពិភពលោក ដែលបានដាក់ចេញដោយមហាសន្និបាត អង្គការសហប្រជាជាតិ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៩៣ បានប្រកាសជាផ្លូវការសម្រេចឱ្យមានទិវានេះនៅថ្ងៃទី៩ ខែសីហា ជារៀងរាល់ឆ្នាំ។
លោកស្រីបានបន្តថា បច្ចុប្បន្ន ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ ជនជាតិដើមភាគតិចបានចំនួន ១៧៧ភូមិ និងរៀបចំបទបញ្ជាផ្ទៃក្នុងសម្រាប់ជនជាតិដើមភាគតិច បាន៩៨សហគមន៍ នៅខេត្តក្រចេះ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ កំពង់ស្ពឺ បាត់ដំបង ពោធិ៍សាត់ ព្រះសីហនុ និងខេត្តកោះកុង។ ជនជាតិដើមភាគតិច នៅព្រះរាជាណាចក្រកម្ពុជា មានប្រមាណជាង១,៤% នៃប្រជាជនសរុប នឹងរស់នៅក្នុង១៥ខេត្ត ភាគច្រើនរស់នៅខេត្តភូមិភាគឥសាននៃប្រទេស មានដូចជា ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ដែលមានប្រមាណ២៤ក្រុម និងមានប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ របៀបរស់នៅ និងប្រើប្រាស់ភាសាខុសៗគ្នា។
ថ្លែងក្នុងឱកាសនោះបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលនានាដែលយើងទទួលបានកន្លងមក ទាក់ទងនឹងការអភិវឌ្ឍក៏ដូចជាការអភិរក្ស របស់បងប្អូនជនជាតិភាគតិចនាពេលកន្លងមក។ មួយវិញទៀត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិចនៅកម្ពុជា មានភាពរីកចម្រើននិងកាន់តែប្រសើរឡើង ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច។ ទន្ទឹមនឹងនេះ បងប្អូនជនជាតិដើមភាគតិច ទទួលបានការការពារ និងលើក តម្កើងសិទ្ធិសេរីភាព ក៏ដូចជាបន្តថែរក្សាទាំងវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿនិងភាសាផងដែរ។
ជាមួយនេះបណ្ឌិតសភាចារ្យ ក៏បានកត់សម្គាល់និងកោតសរសើរ ចំពោះការរីកចម្រើន និងសមិទ្ធផលនានាដែល ខេត្តកំពង់ស្ពឺសម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ដែលធ្វើឱ្យកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ហើយរបៀបរស់នៅក៏កាន់តែមានភាពស៊ីវិល័យ។
រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិត បាននាំមកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍពាសពេញផ្ទៃប្រទេស និងបន្តអនុវត្តនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ស្របតាម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បាននិងកំពុងបន្តខិតខំប្រឹងប្រែង បង្កើនវឌ្ឍនភាពបន្ថែមទៀត ដើម្បីឈានឆ្ពោះទៅសម្រេចទិសដៅដ៏មហិច្ឆតាក្នុងការប្រែក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕