(ភ្នំពេញ)៖ ជាការកត់សម្គាល់ឃើញថា នៅក្នុងខណ្ឌមានជ័យ ពិតជាមានការល្អប្រសើរណាស់ ក្នុងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ ដែលមករកសេវា ដូចជាអធិការនគរបាលខណ្ឌ អាវុធហត្ថខណ្ឌ ពិសេសចៅសង្កាត់ ក្នុងការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ដោយគ្មានបានឃើញប្រជាពលរដ្ឋណាលើកឡើងពីបញ្ហាការផ្តល់សេវាជូនគាត់មានការយឺតយ៉ាវនោះទេ។
ជាមួយនឹងបទល្មើសផ្សេងៗ ពាក់ព័ន្ធបញ្ហាសន្តិសុខ ការងារចែកអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងការផ្តល់សេវាផ្សេងៗគឺអត់មានបញ្ហា។ ឆ្លៀតឱកាសនេះ សូមគោរពកោតសរសើរ និងអរគុណ បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងខណ្ឌមានជ័យ។
ថ្លែងកោតសរសើររបស់លោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យបែបនេះ នៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣។
នៅក្នុងវេទិការនេះ បងប្អូនប្រជាពលរដ្ឋ បានលើកឡើក ជាសំណូមពរសូមឲ្យរដ្ឋបាលខណ្ឌមានជ័យ ជួយពន្លឿន និងដោះស្រាយជូនពួកគាត់ដូចជា៖ ប្រជាពលរដ្ឋ រស់នៅអ្នកភូមិសន្សំកុសល៤ បានលើកឡើងពីបញ្ហាប៉ះពាល់ នៃបើកសិប្បកម្មធ្វើតុ ទូ ដែលបង្កបញ្ហា ហុយថ្នាំ មកលើពួកគាត់នៅជុំវិញសិប្បកម្មនេះ ធ្វើឲ្យប៉ះពល់សុខភាពនុងការរស់នៅ។
បញ្ហាដែលពលរដ្ឋស្នើសុំរួមមាន៖
*ស្នើសុំជួយដោះស្រាយ ធ្វើផ្លូវបន្ត កុំឲ្យទុកចោលមួយកំណាត់ នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ
*ស្នើលោកចៅសង្កាត់ចាក់អង្រែក្រោម ចាក់សាបផ្លូវបេតុងឲ្យវិញ ខណៈធ្វើលូហើយ មិនធ្វើផ្លូវឲ្យវិញ
*ធ្វើផ្លូវឲ្យផង នៅក្រោយសាលារៀនសឡា ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១
*ជួយពន្លឿនធ្វើលូ និងផ្លូវឲ្យបានឆាប់ នៅជិតផ្លូវ ស ឡា។
ដោយឡែកលោក ជុំ សុផល នៅសង្កាត់ស្ទឹងមានជ័យ៣ ស្នើសុំធ្វើផ្លូវបន្ត។ មេភូមិត្នោតជ្រុំ៥ សុំជួសជុលសំបុកមាន់ផ្លូវ ស្តារប្រឡាយលូ នៅត្នោតជ្រុំ៣-៥។ ប្រជាពលរដ្ឋ រស់នៅក្នុងភូមិដំណាក់ធំ១ ក្រុម៥ ស្នើពន្លឿនធ្វើផ្លូវ ប្រវែង១៤០០ម៉ែត្រ ដែលបានសន្យាហើយ និងផ្លូវខាងក្រោយវត្តនន្ទមុនី ប្រវែងជាង១០០ម៉ែត្រ និងស្តារលូ ដែលជារៀងរាល់ឆ្នាំ ទឹកលិចផ្លូវនេះ ហើយប្រជាពលរដ្ឋបានរួមចាក់កំទេសថ្ម លើផ្លូវ បណ្តាលអោយផ្លូវខ្ពស់ជាផ្ទះ នាំអោយទឹលហូរចូលក្នុងផ្ទះ និងលិច។
ដោយឡែកប្រជាពលរដ្ឋ រស់នៅភូមិសន្សំកុសល៦ ស្នើសុំជួយពន្លឿនចេញប័ណ្ណកម្មសិទ្ឋិផ្ទះជូនពួកគាត់ផងុំ។ នៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខណ្ឌមានជ័យ អាណត្តិទី៣ នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ មានបងប្អូនប្រជាពលរដ្ឋ បានលើកជាសំណូម ដោយផ្ទាល់មាត់ មានចំនួន ១១នាក់ និងតាមរយៈលិខិត ៦៩នាក់។
លោក អែម សុខលាង បានឲ្យដឹងថា ការប្រារព្វវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ គឺមានគោលបំណងឲ្យក្រុមប្រឹក្សាខណ្ឌ បង្ហាញនូវនីតិវិធី និងជាឧបករណ៍ សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួម ក្នុងដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលខណ្ឌ ដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ និងដោះស្រាយ ឆ្លើយតប ទៅគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងមូលដ្ឋាន ត្រូវបានចូលរួមក្នុងដំណើរការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ។
វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅថ្ងៃនេះ គឺជាការផ្តល់ឱកាសក្នុងការណាត់ជួប រវាងប្រជាពលរដ្ឋមូលដ្ឋាន និងតំណាងរបស់ខ្លួន ដើម្បីប្រជាពលរដ្ឋបានបង្ហាញអំពីចំណាប់អារម្មណ៍ ក៏ដូចជាបញ្ហានានា ដែលកើតមាន នៅមូលដ្ឋាន ភូមិ សង្កាត់របស់ខ្លួន។ វាក៏ជាពេលវេលាមួយ ដែលអាចធ្វើឲ្យគាត់ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលខណ្ឌជាមួយរដ្ឋបាលសង្កាត់ ប្រជាពលរដ្ឋតំណាងសង្គម ស៊ីវិល និងវិស័យឯកជន ក្រុមប្រឹក្សាប្រភេទផ្សេងគ្នា ដើម្បីផ្លាស់ប្ដូរនូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពី នៃការអភិវឌ្ឍន៍ខណ្ឌ ប្រកបដោយចីរភាព និងប្រសិទ្ធិភាព និងដោះស្រាយជូនទាន់ពេលវេលា។
លោកអភិបាលខណ្ឌ បានបន្តថា យើងបានរកឃើញនូវបញ្ហាសំខាន់ៗជាអាទិភាព ដែលជាតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីឲ្យរដ្ឋបាលខណ្ឌ និងសង្កាត់ យកទៅពិចារណា ឆ្លើយតប និងធ្វើការកែទម្រង់ក្នុងការអនុវត្តន៍ សកម្មភាពរបស់ខ្លួន លើកកំពស់គុណភាពនៃជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងខណ្ឌ ពិសេស ប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានសង្កាត់ឲ្យកាន់តែល្អប្រសើរ។
លោកបន្ថែមថា ក្នុងនាមក្រុមប្រឹក្សាខណ្ឌ និងរដ្ឋបាលខណ្ឌមានជ័យ ខ្ញុំនឹងយកសំណើ សំណួ សំណូមពរទាំងនេះ ទៅដាក់ជូនគណៈអភិបាលខណ្ឌ ដើម្បីពិនិត្យ និងដោះស្រាយជូនឲ្យមានប្រសិទ្ឋិភាព ព្រមទាំងផ្តល់នូវព័ត៌មាន ត្រឡប់ជូនដល់អស់លោក លោកស្រី បងប្អូន ប្រជាពលរដ្ឋវិញ តាមរយៈក្រុមប្រឹក្សាសង្កាត់របស់អស់លោក លោកស្រី ទាំងលទ្ធផលជាវិជ្ជមាន ឬអវិជ្ជមាន ដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ជូនជ្រាបនៅពេលក្រោយ បន្ទាប់ពីវេទិកាផ្សផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌត្រូវបានបញ្ចប់៕