(កំពង់ចាម)៖ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោកស្រី ទន់ ខុន ព្រមទាំង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំជាច្រើននាក់ទៀតនៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ បានរៀបចំពិធីប្រគេនទៀនចំណាំព្រះវស្សា និងគ្រឿងទេយ្យទានដល់ព្រះសង្ឃ នៅមណ្ឌលអភិរក្សសួនគ្រញូងនគរបាជ័យ ស្ថិតក្នុងសង្កាត់ សំបូរមាស ក្រុងកំពង់ចាម។
បន្ទាប់ពីធ្វើពិធីប្រគេនទៀនចំណាំព្រះវស្សា និងគ្រឿងទេយ្យទានដល់ព្រះសង្ឃរួច លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានបើកកិច្ចប្រជុំបូកសរុប និងវាយតម្លៃការងារបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ផងដែរ។
ក្នុងកិច្ចប្រជុំនោះដែរ លោក អ៊ុន ចាន់ដា បានថ្លែងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅ ប្រកបដោយជោគជ័យ មានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ ប្រជាជនបានចេញទៅបោះឆ្នោត ដោយសេចក្ដីរីករាយ គ្មានការគម្រាមកំហែង គ្មានអំពើហិង្សា ដែលមានប្រជាជនចំនួនសរុប ៥៥៦,០៦៩ នាក់ ស្មើ ៨៥,២ ២ % នៃប្រជាជនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ចាមទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ធនធាន សម្ភារ និងថវិកាផ្ទាល់ខ្លួន ចុះបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំជាប្រចាំ ដោយមិនខ្លាចនឿយហត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ពីដំណាក់កាលចាប់ផ្តើមរហូតដល់ចប់ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧៕