(រតនគិរី)៖ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាល ក្រោមអធិបតីភាពនាយឧត្តសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងនាយឧត្តសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

ពិធីនេះក៏មានការចូលរួមមេបញ្ជាការកម្លាំងប្រដាប់អាវុធទាំង៣ លោក-លោកស្រី ស្នងការរង អនុប្រធានការិយាល័យកណ្តាល នាយ-នាយរងការិយាល័យ អធិការស្រុក-ក្រុង មេបញ្ជាការវរសេនាតូចការពារព្រំដែនលេខ២០៣, ៦២៣ ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តរតនគិរី ជាច្រើនរូបផងដែរ។

ក្រោយស្នងការនគរបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព បានបង្ហាញរបាយការណ៍រួចមក, លោកឧត្តមសេនីយ៍ឯក នួន កក្កដា អនុប្រធាននាយកដ្ឋានបុគ្គលិក បានអានសេចក្តីប្រកាសតែងតាំង ស្នងការរងចំនួន៤នាក់ ស្នងការរងទទួលការងារ៣នាក់ នាយការិយាល័យ៣នាក់ នាយរងការិយាល័យចំនួន៣៧នាក់ (ស្រី៨នាក់) អធិការ១នាក់ អធិការរង២១នាក់ (ស្រី១នាក់) និងមេបញ្ជាការរងវរសេនា តូចការពារព្រំដែន៤នាក់។

តម្លើងឋានន្តរស័ក្តិសរុបចំនួន១៩៣នាក់ (ស្រី២៣នាក់) ក្នុងនោះឧត្តមសេនីយ៍ទោ១នាក់ ឧត្តមសេនីយ៍ត្រី៣នាក់ វរសេនីយ៍ឯក២នាក់ វរសេនីយ៍ទោ៤៤នាក់ (ស្រី៤នាក់) វរសេនីយ៍ត្រី៦៤នាក់ (ស្រី៥នាក់) អនុសេនីយ៍ឯក៤នាក់ (ស្រី១នាក់) អនុសេនីយ៍ទោ២នាក់(ស្រី១នាក់)។

នាយឧត្តមសេនីយ៍ ប៉ែន វិបុល និងលោក ញ៉ែម សំអឿន បានផ្តាំផ្ញើនាយ-នាយរង និងពលនគរបាលទាំងអស់ ដែលទើបទទួលតំណែង និងតម្លើងឋានន្តរស័ក្តិនាពេលនេះ ត្រូវខិតខំបំពេញភារកិច្ចដែលថ្នាក់លើប្រគល់ជូន ដើម្បីបំរើប្រទេសជាតិ បំរើប្រជាពលរដ្ឋ ហើយការប្រកាសតែងតាំង និងតម្លើងឋានន្តរស័ក្តិដោយសារគុណបំណាច់អស់ លោកខិតខំធ្វើការមិនខ្លាចនឿយហត់កន្លងមក រីឯអ្នកមិនទាន់បានតែងតាំង និងបំពាក់ឋានន្តរស័ក្តិ គឺថ្នាក់លើនឹងរៀបចំជូនពេលក្រោយ។

ជាងនេះទៅទៀតសូមឲ្យនាយ-នាយរង និងពលនគរបាលទាំងអស់ សូមឲ្យមានសាមគ្គីភាពផ្ទៃក្នុងល្អ,មានទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាព ស្ថាប័នផ្សេងៗ,អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ហើយអរគុណសន្តិភាពដែលធ្វើឲ្យ ប្រទេសជាតិមានការរីកចម្រើនដូចសព្វថ្ងៃផងដែរ៕