(កំពង់ធំ)៖ មន្រ្តីកាំកុងត្រូលសាខាខេត្តកំពង់ធំ ដឹកនាំដោយលោក លៀង សុភា នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦នេះ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមួលដ្ឋាន បានចុះត្រួតពិនិត្យទំនិញ នៅផ្សារស្ទឹងសែន ភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយរកឃើញណែម ផ្ទុកសារធាតុ Borax ១៦.៥០គីឡូក្រាមផងដែរ ក្នុងចំណោម៤តូប។
លោក លៀង សុភា ប្រធានសាខាកាំកុងត្រូល ខេត្តកំពង់ធំ បានបញ្ជាក់ថា គោលបំណងនៃការចុះត្រួតពិនិត្យនេះ មន្រ្ដីជំនាញបានយកចិត្តទុកដាក់ទៅលើផលិតផល ទំនិញម្ហូបអាហារ ភេសជ្ជៈ គ្រឿងឧបភាគបរិភោគ បន្លែ ផ្លែឈើ ដែលអាជីវករ កំពុងដាក់តាំងលក់នៅតាមតូប ដើម្បីទទួលបាននូវម្ហូបអាហារ ប្រកបដោយសុវត្ថិភាព និងមិនប៉ះពាល់ដល់សុខភាព។ លោកបានអះអាងថា តាមរយៈការចុះត្រួតពិនិត្យ នៅទីផ្សារស្ទឹងសែននេះ កម្លាំងចម្រុះរបស់លោកបាន រកឃើញណែម ចំនួនជាង១៦គីឡូក្រាម មានជាតិ Borax និងបានត្រួតពិនិត្យប្រហិតសាច់គោ រកសារធាតុ Borax តែលទ្ធផលរកពុំឃើញនោះទេ ហើយបានពិនិត្យលើទំនិញវេចខ្ចប់ ពុំមានទំនិញណាមួយ ខូចគុណភាព ឬហួសកាលបរិច្ឆេទនោះទេ។ លោកប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ បានបន្តថា ក្រោយពីចុះពិនិត្យតាមតូបអាជីវករនៅក្នុងផ្សារស្ទឹងសែន រួចមកក៏បានអប់រំដល់អាជីវករលក់ដូរទាំងនោះ ឲ្យយល់ដឹងពីសុវត្ថិភាពម្ហូបអាហារ ដើម្បីឲ្យមានអនាម័យផង ដែរ សម្រាប់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់។
លោក លៀង សុភា បានបន្តថា ក្រោយពិនិត្យរកឃើញទំនិញខូចគុណភាព នៅផ្សារស្ទឹងសែនរួចមក កម្លាំងរបស់លោក ក៏បានចុះទៅពិនិត្យតាមស្តាម៉ាត របស់ស្ថានីយ៍ប្រេងសូគីម៉ិច និងតេលានៅក្នុង ការចុះទៅពិនិត្យ នោះ ដោយលទ្ធផលរកមិនឃើញទំនិញខូចគុណភាពនោះទេ ហើយពេលនោះមន្ត្រីកាំកុងកាំត្រូលរបស់យើង ក៏បានធ្វើការណែនាំដល់អាជីវករ លក់ដូរនៅក្នុងស្តាម៉ាត ដើម្បីយល់ដឹងកាន់តែច្បាស់ អំពីសុវត្ថិភាពម្ហូបអាហារនេះ ។ លោក លៀង សុភា បានឲ្យដឹងថា ក្រោយពីដកហូតណែម រួចកម្លាំងចម្រុះ បានយកទៅរក្សាទុក ដើម្បីយកទៅកម្ទេចចោល នៅពេលក្រោយ។ ដោយឡែកម្ចាស់តូបលក់ណែម ត្រូវបានធ្វើកិច្ច សន្យាអប់រំ និងពន្យល់ពួកគាត់យល់ដឹងអំពីពីសុវត្ថិភាពម្ហូបអាហារនេះ។
លោកប្រធានសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា «គោលបំណងនៃការចុះត្រួតពិនិត្យ គឺដើម្បីទប់ស្កាត់ទំនិញខូចគុណភាព ក្លែងបន្លំលើស្លាកសញ្ញា ដែលជនខិលខូចមួយចំនួន បានលួចបញ្ចេញទំនិញមកលក់ នៅលើទីផ្សារ និងពង្រឹងការយល់ដឹងអំពីបញ្ហាសុវត្ថិភាព ម្ហូបអាហារដល់បងប្អូនអាជីវករ និងអ្នកប្រើប្រាស់»។ លោក លៀង សុភា បានឱ្យដឹងបន្តថា ការចុះពិនិត្យនេះ គឺមន្រ្តីជំនាញ បានធ្វើការចុះត្រួតពិនិត្យ ជាប្រចាំទៅតាមការណែនាំពី លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ដើម្បីទប់ស្កាត់ ឱ្យបានទាន់ពេលវេលា នូវការធ្វើចរាចរចែកចាយ លក់ដូរផលិតផល ម្ហូបអាហារគ្មានអនាម័យទំនិញខូច គុណភាព។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវ ដល់អាជីវករអ្នកលក់ដូរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរនិងទិញទំនិញ ម្ហូបអាហារទទួលទាន ដោយសុវត្ថិភាព មិនប៉ះពាល់សុខភាព អ្នកប្រើប្រាស់ ៕