(ភ្នំពេញ)៖ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងបន្តនីតិវិធីបើកស៊ើបសួរកលើសំណុំរឿងឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងបក្ខពួកប្រមាណ១៤នាក់ទៀត ដែលពួកបានបោកប្រាស់លុយរបស់ប្រជាពលរដ្ឋជាច្រើនលានដុល្លារ ក្នុងការទិញដីខ្យល់។
តំណាង និងប្រជាពលរដ្ឋរងគ្រោះក្នុងរឿងនេះច្រើននាក់ បានប្រាប់បណ្តាញភ្នាក់ងារ Fresh News នៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះថា ចំណាត់ការបើកការស៊ើបសួរបស់លោកព្រះរាជអាជ្ញារង សេង ហៀង បានធ្វើឡើងតាំងពីរសៀលថ្ងៃទី០៨ រហូតដល់យប់ជ្រៅ និងបានបន្តមកដល់ព្រឹកថ្ងៃទី០៩នេះទៀត។
ជាលទ្ធផលភាគីរងគ្រោះ និងខាងឧកញ៉ា ហ៉ី គីមហុង បានចចារគ្នារកដំណោះស្រាយរួមជាជាងនៅបន្តបណ្តឹង ដែលជាការនាំឲ្យមានខាតបង់ផលប្រយោជន៍របស់អ្នកស្រុករងគ្រោះដែលសរុបជាទឹកប្រាក់រាប់លានដុល្លា។ យ៉ាងណាក៏ដោយ រហូតដល់ពេលនេះ នៅមិនទាន់មានលទ្ធផលជាផ្លូវការនៅឡើយទេ អំពីលទ្ធផលលើចំណាត់នេះ ប្រសិនបើមានដំណឹងពីដំណើរការចំណាត់ការនេះ អង្គភាពព័ត៌មាន Fresh News នឹងផ្សព្វផ្សាយជាបន្ដបន្ទាប់។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើនរយនាក់ បានតម្រង់ជួរគ្នាត្រៀបត្រានៅមុខសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ដើម្បីចូលបំភ្លឺនៅចំពោះមុខតុលាការករណីឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស បោកប្រាស់លុយរប់ពួកគាត់។ យ៉ាងណាមិញ គេមិនទាន់ដឹងនៅឡើយទេថា មានប្រជាពលរដ្ឋប៉ុន្មានឲ្យពិតប្រាកដ ដែលចាញ់បោកឧកញ៉ារូបនេះ។
ឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៤នាក់ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយបញ្ចប់ការសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្ស ត្រូវបានបញ្ជូនបន្ដទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
គួរជម្រាបថា កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៤នាក់ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋ។ ការចាប់ខ្លួននេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នៅស្នាក់ការក្រុមហ៊ុនពិភពដីមាស ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។
ការចាប់ខ្លួនឧកញ៉ាម្ចាស់ក្រុមហ៊ុនពិភពដីមាសរូបនេះ ធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ លោកបានបញ្ជាក់ថា ក្រុមអង្គរក្សទាំងនេះបានរារាំងដីការបស់តុលាការ និងបានប្រើហិង្សាទៅលើកម្លាំងសមត្ថកិច្ចផងដែរ។
បើតាមលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា ក្រោយចាប់ខ្លួនឧកញ៉ា ហ៉ី គីមហុង ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅធ្វើការសាកសួរ និងចាត់ការបន្ដតាមនីតិវិធី នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានបញ្ជាក់ដែរថា ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ច ក៏បានប៉ះទង្កិចគ្នាជាមួយក្រុមអង្គរក្សរបស់ម្ចាស់ក្រុមហ៊ុនពិភពដីមាសផងដែរ រហូតកម្លាំងសមត្ថកិច្ចបង្ខំចិត្តផ្ទុះអាវុធដើម្បី គ្រប់គ្រងស្ថានការណ៍នៅកន្លែង ហើយឃាត់ខ្លួនទាំងក្រុមអង្គរក្សនោះផងដែរ។
សូមរំលឹកថា ឧកញ៉ា ហ៉ី គីមហុង នេះក៏ធ្លាប់ត្រូវបានស្នងការដ្ឋាននគរបាលខេត្ដកំពត ចេញលិខិតអញ្ជើញឲ្យចូលខ្លួនដើម្បីធ្វើការសាកសួរពាក់ព័ន្ធបណ្ដឹងប្រជាពលរដ្ឋ ដែលបានដាក់ទុនវិនិយោគជាមួយក្រុមហ៊ុននេះ គិតជាទឹកប្រាក់សរុបប្រមាណ៦លានដុល្លារ ប៉ុន្ដែឧកញ៉ានេះមិនចូលខ្លួននោះទេ ហើយថែមទាំងព្យាយាមគេចវេសមិនទទួលខុសត្រូវទៀតផង រហូតសមត្ថកិច្ចចាប់ខ្លួន៕