(ព្រះសីហនុ)៖ ករណីបង្ខាំងមនុស្សខុសច្បាប់ ធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់ និងប្រើប្រាស់អាវុធខុសច្បាប់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បំបែកបានដោយជោគជ័យ និងឈានដល់ការចាប់ខ្លួនឧក្រិដ្ឋជនជនជាតិចិន ចំនួន២នាក់ រួមជាមួយវត្ថុតាងមួយចំនួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមច្បាប់ ខណៈជនរងគ្រោះម្នាក់ ត្រូវបានជួយសង្គ្រោះ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះថា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង២៣៖០០នាទី នៅម្តុំអូរពីរ (ផ្លូវចាក់សំរាម) ក្រុមទី១១ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ កម្លាំងការិយាល័យនគរបាលព្រហ្មណ្ឌកម្រិតធ្ងន់ បានទទួលព័ត៌មានថា មានករណីឆោឡោជនជាតិចិនម្នាក់ ដៃទាំងពីរជាប់ខ្នោះ នៅកមានជាប់ឧបករណ៍ឆក់ ព្រមទាំងមានកន្សែងចងជាប់នឹងកថែមទៀត និងកជើងខាងស្តាំ មានជាប់ខ្សែរិតពណ៌ស មានរបួសទាំងសងខាងដើរតាមផ្លូវ។

ក្រោយពីទទួលដំណឹងភ្លាមលោកបានបញ្ជា ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះដល់ទីតាំងកើតហេតុខាងលើ និងបាននាំជនរងគ្រោះ (ជនជាតិចិន) ចំនួន១នាក់ ព្រមទាំងវត្តុតាំង យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ ជនរងគ្រោះឈ្មោះ Huang Qiang អាយុ៣៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅម្តុំវិកតូរី សង្កាត់៣ ក្រុងព្រះសីហនុ។ វត្ថុតាងដែលដកហូតបាន នៅជាប់ខ្លួនជនរងគ្រោះមាន៖ ខ្នោះដៃ ចំនួន០១, ឧបករណ៍ឆក់ ចំនួន០១, ខ្សែរិតពណ៌ស ចំនួន០១ និងកន្សែង(ចាស់) ពណ៌ស ចំនួន០១។

បន្ទាប់ពីបានសាកសួរជនរងគ្រោះរួច កម្លាំងបាននាំជនរងគ្រោះទៅដល់ទីតាំងផ្ទះវីឡា ១កន្លែងជាទីតាំងដែលក្រុមរបស់ជនសង្ស័យបានបង្ខាំង និងធ្វើទារុណកម្មមកលើរូបគេ ស្ថិតនៅក្រោយសាលាក្រុងព្រះសីហនុ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ដោយមានការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោស្នងការ និងមានការសម្របសម្រួលនីតិវិធីដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង និងជាតំណាងអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ កម្លាំងបានឆែកឆេរកឃើញនិងដកហូតសម្ភាររួមមាន៖

អាវុធខ្លី Lock 17 (Austria) ១ដើម ពណ៌បាញ់ថ្នាំទឹកប្រាក់ មានគ្រាប់ប្រភេទ9mm ចំនួន៤គ្រាប់ បង់១ និងគ្រាប់បាញ់សន្លប់ចំនួន៧គ្រាប់, ដំបងឆក់ចំនួន០១ដើម ពណ៌ខ្មៅ, ខ្នោះដៃចំនួន០២គូរ, ខ្សែជ័ររឹតចំនួន០១ដុំ និងឧបករណ៍ឆក់ចំនួន០១ (ខ្សែរឆក់) និង ទូរស័ព្ទដៃចំនួនចំនួន៥គ្រឿង, ផ្លាកលេខរយន្ត ភ្នំពេញ 2J-7518 ចំនួន០២សន្លឹក និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ក្រោយមកកម្លាំងជំនាញបានស្រាវជ្រាវរកឃើញរថយន្ត១គ្រឿង ម៉ាកតូយ៉ូតា អាល់ផាត ពណ៌ស ស្លាកលេខភ្នំពេញ2BL-6046 ដែលត្រូវក្រុមជនសង្ស័យយកទៅទុកចោលនៅចំណតរថយន្តរបស់អគារ ឌីស៉ីវីយូស រួចគេចខ្លួន។

លុះនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១១៖៣០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ និងរថយន្តម៉ាកតូយ៉ូតា អាល់ផាត ពណ៌ស ស្លាកលេខភ្នំពេញ2BL-6046 យកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំជនស្ស័យទាំង២ រួចបន្តទៅឆែកឆេរនៅផ្ទះរបស់ជនសង្ស័យ ដែលស្ថិតនៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ រកឃើញ គ្រាប់កាំភ្លើង9mm ចំនួន១គ្រាប់ ស្លាកលេខរថយន្ត ខេមរភូមិន្ទ០២ ២-១០៩៩ ចំនួន២សន្លឹក និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន រួចបន្តឆែកឆេរផ្ទះវីឡា១កន្លែង នៅក្នុងបុរីកំពិងរាជ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ រកឃើញ ផ្លាកលេខកាត់ខូចទ្រុងទ្រាយ និងម្សៅក្រាមពណ៌ស សង្ស័យជាសាធាតុញៀន និងគ្រាប់ថ្នាំពណ៌ផ្កាឈូក មួយចំនួន

ឆ្លងតាមការស្រាវជ្រាវជុំវិញករណីខាងលើ, ការពិនិត្យកាមេរ៉ាសុវត្ថិភាព, ការបំភ្លឺរបស់ដើមបណ្តឹង, ចម្លើយសារភាពរបស់ជនសង្ស័យ និងវត្ថុតាងដែលដកហូតបាន កម្លាំងជំនាញអាចសន្និដ្ឋានបានថា ជនសង្ស័យឈ្មោះ XIONG JIANG QIANG ហៅ DIAO MAO និងឈ្មោះ ZHANG HUI ហៅ XIAO YI និងបក្សពួកជា សហចារី ក្នុងករណី បង្ខាំងមនុស្សខុសច្បាប់ ធ្វើទារុណកម្ម ជំរិតទាប្រាក់ និងប្រើប្រាស់អាវុធខុសច្បាប់។ ដោយឡែក មេក្លោង និងបក្ខពួកផ្សេងទៀត បានរត់គេចខ្លួន។

បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ និងស្នើសុំបើកការអង្កេតករណីនេះដោយសហការជាមួយជំនាញពាក់ព័ន្ធស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យ ដែលកំពុងគេចខ្លួនមកផ្ដន្ទាទោសតាមច្បាប់៕